
កូរ៉េខាងត្បូង គ្រោងប្រើបច្ចេកវិទ្យាសម្គាល់មុខ (AI) ដើម្បីតាមដានអ្នកជំងឺកូវីដ
សេអ៊ូល ៖ កូរ៉េខាងត្បូង គ្រោងនឹងបញ្ចេញគម្រោងសាកល្បងថ្មីមួយក្នុងពេលឆាប់ៗ នេះ ដើម្បីប្រើប្រាស់បច្ចេកវិទ្យា (AI) ក្នុងការសម្គាល់ផ្ទៃមុខ និងកាមេរ៉ាវីដេអូរាប់ម៉ឺនគ្រឿង ដើម្បីតាមដានពីចលនា និងសកម្មភាពរបស់អ្នកដែលឆ្លងវីរុសកូវីដ ១៩ ទោះបីជាមានការព្រួយបារម្ភ ក៏ដូចជាប៉ះពាល់ដល់ឯកជនភាពក៏ដោយ។
គម្រោងដែលផ្តល់មូលនិធិដោយជាតិ នៅក្នុងទីក្រុង Bucheon ដែលជាទីក្រុងមួយក្នុងចំណោមទីក្រុងដែលមានប្រជាជនច្រើនជាងគេបំផុតរបស់កូរ៉េខាងត្បូង នៅជាយទីក្រុង សេអ៊ូល ខណៈដែលគម្រោងនេះគ្រោងនឹងដំណើរការនៅក្នុងខែ មករា ឆ្នាំក្រោយនេះ។
ប្រព័ន្ធនេះគឺនឹងប្រើក្បួនដោះស្រាយតាម AI និងបច្ចេកវិទ្យាសម្គាល់ផ្ទៃមុខ ដើម្បីវិភាគវីដេអូដែលប្រមូលផ្តុំដោយកាមេរ៉ាសុវត្ថិភាពជាង ១០,៨២០ និងតាមដានរាល់ចលនារបស់អ្នកដែលមានផ្ទុកមេរោគកូវីដ ១៩ ហើយអ្នកណាខ្លះដែលពួកគេមានទំនាក់ទំនងជិតស្និទ្ធជាមួយ និងថាតើពួកគេពាក់ម៉ាសដែរឬទេ។ នេះបើយោងតាមផែនការអាជីវកម្ម ១១០ ទំព័រពីទីក្រុង Bucheon នេះបានដាក់ជូនក្រសួងវិទ្យាសាស្ត្រ និង ICT (បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង) ។
គួរបញ្ជាក់ថា ប្រទេសមួយចំនួននៅជុំវិញពិភពលោក បានងាកទៅរកបច្ចេកវិទ្យាថ្មី និងពង្រីកអំណាចផ្លូវច្បាប់ ដើម្បីព្យាយាមទប់ស្កាត់ការឆ្លងនៃវីរុសកូវីដ ១៩ ដែលរួមមានដូចជា ប្រទេសចិន រុស្សី ឥណ្ឌា ប៉ូឡូញ និងជប៉ុន ក៏ដូចជារដ្ឋមួយចំនួនរបស់សហរដ្ឋអាមេរិក ដែលកំពុងស្ថិតក្នុងចំណោមជម្រើសដែលរដ្ឋាភិបាលបានដាក់ឱ្យដំណើរការ និងយ៉ាងហោចណាស់បានសាកល្បងជាមួយនឹងប្រព័ន្ធសម្គាល់មុខសម្រាប់តាមដានអ្នកជំងឺកូវីដ ១៩ ៕