អបអរសាទរខួប២៩ឆ្នាំ នៃការចុះបញ្ជីឧទ្យានជាតិអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ

ភ្នំពេញ ៖ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ ខួប២៩ឆ្នាំ (១៤ ធ្នូ ១៩៩២ – ១៤ ធ្នូ ២០២១) នៃការចុះបញ្ជីតំបន់រមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។

ប្រាសាទអង្គរ ត្រូវបានចុះបញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ នាទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក ក្រោមព្រះរាជតម្រិៈដ៏ថ្លៃថ្លា និងឈ្លាសវៃនៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានធ្វើការអំពាវនាវទៅកាន់អង្គការយូណេស្កូ សូមឲ្យជួយស្រោចស្រង់ការពារក្រុមប្រាសាទអង្គរ។

សូមជម្រាបថា ឧទ្យានជាតិអង្គរមាន​ទំហំ​៤០១គីឡូម៉ែត្រក្រឡា​ ជាតំបន់ការពារធម្មជាតិលើក​ដំបូង​នៅប្រទេសកម្ពុជា បានបង្កើតទ្បើងដោយប្រកាសឆ្នាំ១៩២៥ ហើយឧទ្យានខាងបុរាណវត្ថុវិទ្យាអង្គរនេះជាឧទ្យានជាតិដែលបង្កើតមុន​គេ​បង្អស់​នៅ​​តំបន់​អា​ស៊ី​អាគ្នេយ៍៕