អាជ្ញាធរជាតិអប្សរាធ្វើពិធីបួងសួងនៅមុខប្រាសាទអង្គរវត្តសម្រាប់បើកព្រឹត្តិការណ៍រំលឹកគុណអង្គរ

ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ អាជ្ញាធរជាតិអប្សរាបានរៀបចំធ្វើពិធីបួងសួងនៅមុខប្រាសាទអង្គរវត្ត សម្រាប់ បើកព្រឹត្តិការណ៍រំលឹកគុណអង្គរ ដោយមានការអញ្ជើញចូលរួមក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោកជំទាវ កិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ព្រមទាំងថ្នាក់ដឹកនាំខេត្ត សៀមរាប ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់។

លោកជំទាវក៏បានលើកឡើងថា ការរៀបចំកម្មវិធីនេះប្រពឹត្តទៅបានគឺ ក្រោមការដឹកនាំប្រកបដដោយគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តីបានដឹកនាំប្រទេសមានសុខសន្តិភាព និងឆ្ពោះទៅរកការអភិវឌ្ឍន៍លើគ្រប់វិស័យ ។ ម្យ៉ាងទៀតនៅក្នុងឆ្នាំនេះ គឺជាការអបអរសាទរនៃពិធីរំលឹកខួបគំរប់២៩ឆ្នាំ នៃការដាក់រមណីយដ្ឋានអង្គរ ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូផងដែរ ។ ពិធីរំលឹកគុណអង្គរនេះនឹងត្រូវប្រារព្ធឡើងក្នុងថ្ងៃទី១៤ ខែធ្នូ ជារៀងរាល់ឆ្នាំ ។

ព្រឹត្តិការណ៍នេះពិតជាបានរំលឹក និងដាស់តឿនប្រជាពលរដ្ឋ ក្នុងពេលបច្ចុប្បន្ន និងអនាគតឲ្យចងចាំ និងប្តេជ្ញាចិត្តត្រូវចេះថែរក្សាការពារតំបន់អង្គរទាំងមូល ដើម្បីជាការតបស្នងសងគុណ ជូនដល់បុព្វការីជន ព្រះមហាក្សត្រគ្រប់ព្រះអង្គ ឥស្សរជនជាតិ អ្នកជំនាញការជាតិ និងអន្តរជាតិ ព្រមទាំងជនរួមជាតិគ្រប់ជំនាន់ ដែលបានលះបង់ប្រាជ្ញា ស្មារតី ដើម្បីបុព្វហេតុនៃកិច្ចការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរដោយចីរភាព និងមហាអស្ចារ្យដែលមិនអាចបំភ្លេចបានរហូតមកដល់បច្ចុប្បន្ននេះ។

ឆ្លៀតក្នុងឱកាសនេះ លោកជំទាវក៏បាននាំយកថវិការបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចំនួន ៤០លាន និងថវិការបស់រដ្ឋបាលខេត្ត ៥លានរៀល សរុបចំនួន ៤៥លាន ប្រគល់ជូនសម្រាប់ចាត់ចែងក្នុងកម្មវិធី និងមានរាប់បាត្រព្រះសង្ឃចំនួន ១០៨អង្គ៕

សូមជម្រាបថា ពិធី ”រំលឹកគុណអង្គរ” មានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១២ដល់ទី១៦ ខែធ្នូ ឆ្នាំ២០២១ ដែលមានកម្មវិធីសាសនា ស្ដង់ពិព័រណ៍ស្តីពីសមិទ្ធផលរយៈពេល២៩ឆ្នាំ របស់អាជ្ញាធរជាតិអប្សរា និងការសម្ដែងសិល្បៈបុរាណនៅពេលរាត្រី៕