វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន១៥,២២០ករណីទៀត ស្លាប់២៥២នាក់

ហាណូយ ៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអង្គារម្សិលមិញ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន១៥,២២០ ករណីបន្ថែមទៀត និងអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវចំនួន២៥២នាក់ទៀតផងដែរ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News។

បើតាមក្រសួងសុខាភិបាលវៀតណាមបញ្ជាក់ថា ករណីឆ្លងថ្មីៗខាងលើជាករណីឆ្លងក្នុងស្រុកទាំងអស់។ ដោយឡែកទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ មានចំនួន៩៩១ករណី ខណៈរដ្ឋធានីហាណូយដែលជាចំណុចក្តៅទី២ បានរាយការណ៍ចំនួន៨៣៧ករណី។

សូមជម្រាបថា គិតត្រឹមយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះវៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១,៤៤៣,៦៤៨នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១,០៦០,៤៣៦នាក់ ចំណែកអ្នកស្លាប់សរុបចំនួន ២៨,៣៣៣នាក់៕