WHO ៖ ទ្វីបអាហ្រ្វិកកំពុងប្រឈមនឹងរលកឆ្លងទី៤ នៃជំងឺកូវីដ១៩ ដែលជំរុញដោយ Omicron

អាហ្វ្រិក ៖ លោក Matshidiso Moeti នាយកអង្គការសុខភាពពិភពលោក WHO ប្រចាំទ្វីបអាហ្រ្វិកបាននិយាយកាលពីថ្ងៃអង្គារនេះថា ទ្វីបអាហ្រ្វិកកំពុងរងការវាយប្រហាររលកទី៤ នៃជំងឺរាតត្បាតកូវីដ១៩ ដែលជំរុញដោយវីរុសបំប្លែងខ្លួនថ្មី Omicron បន្ទាប់ពីបានកត់ត្រាការកើនឡើងយ៉ាងលឿនបំផុតប្រចាំសប្តាហ៍ នៃករណីថ្មីចាប់តាំងពីខែឧសភា ឆ្នាំ២០២០មក។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានស៊ីនហួរ។

មន្ត្រីនៃអង្គការសុខភាពពិភពលោក (WHO) រូបនេះបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានចុងឆ្នាំនៅទីក្រុង Brazzaville នៃរដ្ឋធានីសាធារណរដ្ឋកុងហ្គោថា «ទ្វីបអាហ្រ្វិកឥឡូវនេះកំពុងស្ថិតក្នុងរលកឆ្លងជាលើកទី៤ នៃជំងឺរាតត្បាតកូវីដ១៩ ដែលជំរុញដោយសារវីរុសបំប្លែងខ្លួនថ្មី Omicron»។

សូមជម្រាបថា ករណីឆ្លង Omicron ជាង២,៧០០ករណី ត្រូវបានរាយការណ៍នៅក្នុងប្រទេសចំនួន៥៩ ដែលក្នុងនោះមានប្រទេសអាហ្វ្រិកចំនួន១១ ដែលរ៉ាប់រ៉ងមប្រមាណ៣% នៃចំនួនករណីសរុប។ ទោះជាយ៉ាងណា យោងតាមអង្គការសុខភាពពិភពលោកដដែល ចំណែករបស់អាហ្រ្វិកកំពុងធ្លាក់ចុះជាលំដាប់ ហើយអាហ្រ្វិកខាងត្បូងលែងនាំមុខគេលើពិភពលោកចំពោះករណីឆ្លង Omicron ទៀតហើយ៕