WHO ៖ វីរុស Omicron កំពុង​ឆ្លង​រាលដាល​ក្នុង​អត្រា​មួយ​ដែល​មិន​ធ្លាប់មាន​ពីមុនមក​

ញូវយ៉ក​ ៖ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ព្រមាន​ថា​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron កំពុងតែ​ឆ្លង​រីក​រាលដាល​ក្នុង​អត្រា​មួយ​ដែល​មិន​ធ្លាប់មាន​ពីមុនមក ដោយ​ខុសពី​ការឆ្លង​នៃ​វីរុស​ផ្សេងៗ ហើយ​ទំនងជា​នឹងមាន​វត្ត​មាននៅ​គ្រប់​ប្រទេស​ទាំងអស់​ផងដែរ​។​

ការរកឃើញ​វីរុស Omicron ត្រូវបាន​ប្រកាស​ជា​លើកដំបូង​នៅក្នុង​ខែ វិច្ឆិកា កន្លង​ទៅដោយ​អ្នកវិទ្យាសាស្ត្រ​នៅ​អាហ្វ្រិក​ខាងត្បូង ហើយ​វា​ក៏​ជា​លើកដំបូង​ដែរ ដែល​វីរុស​ថ្មី​នេះ​វាយលុក​ពិភពលោក​ម្ដងទៀត​។​

ប្រធាន​អង្គការ​សុខភាព​ពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បាន​ឲ្យ​ដឹងថា មកដល់ពេលនេះ មាន​ប្រទេស​ចំនួន ៧៧ ប្រទេស​ហើយ​បាន​រាយការណ៍​ពី​ករណី Omicron ហើយ​ត្រូវបាន​គេ​រំពឹងថា នឹង​រីក​រាលដាល​ដល់​ប្រទេស​ភាគច្រើន​លើ​ពិភពលោក បើទោះបីជា​វា​មិនទាន់​ត្រូវបាន​រកឃើញ​នៅ​ប្រទេស​មួយចំនួន​ក៏ដោយ​។​

លោក បន្តថា យើង​សោកស្ដាយ​ណាស់​ដែល​មនុស្ស​មួយចំនួន​បាន​ចាប់​ទុក​វីរុស​នេះ​ថា ជា​វីរុស​ស្រាល​។ បើទោះបីជា​វីរុស Omicron បង្កឱ្យមាន​ជំងឺ​មិនសូវ​ធ្ងន់ធ្ងរ​ក៏ដោយ ប៉ុន្តែ​ចំនួន​ករណី​ឆ្លង​ដ៏​ច្រើន​មួយ អាច​នឹង​គ្របដណ្ដប់​លើ​ប្រព័ន្ធ​សុខាភិបាល​ដែល​មិនទាន់​បានរៀបចំ​ទុកជាមុន​។​

សូមជម្រាបថា វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ត្រូវបាន​រកឃើញ​ដំបូង​នៅ​អាហ្វ្រិក​ខាងត្បូង កាលពី​ចុងខែ វិច្ឆិកា កន្លងទៅ ដោយ​មកដល់ពេលនេះ វីរុស​នេះ​បាន​រីក​រាលដាល​ដល់​ប្រទេស​ចំនួន ៧៧ ហើយ​៕