
វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៣,១៦៨ករណីបន្ថែមទៀត និងស្លាប់៧៥នាក់
ថ្ងៃចេញផ្សាយៈ ខែតុលា 19, 2021
ហាណូយ ៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃចន្ទម្សិលមិញបានប្រកាសពីការបន្តរកឃើញករណីឆ្លងជំងឺកូវីដ១៩ ចំនួន ៣,១៦៨ ករណី និងអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន៧៥នាក់បន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News ។
បើតាមក្រសួងសុខាភិបាលវៀតណាមគូសបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន០៩ករណីជាករណីនាំចូល ក្រៅពីនោះសុទ្ធតែជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះបានរ៉ាប់រងករណីឆ្លងថ្មីតែឯងរហូតដល់៩៦៨នាក់។
សូមជម្រាបថា គិតត្រឹមយប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៨៦៧,២២១នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៧៩២,៩៨០នាក់ ចំណែកចំនួនអ្នកស្លាប់សរុបចំនួន ២១,២៦៩នាក់៕