
មីយ៉ាន់ម៉ានឹងដោះលែងអ្នកទោសជាង៥.០០០នាក់នៅចុងខែតុលានេះ
ណៃពិដោ ៖ ប្រមុខយោធាមីយ៉ាន់ម៉ាលោក Min Aung Hlaing បាននិយាយនៅថ្ងៃច័ន្ទនេះថា ប្រទេសមីយ៉ាន់ម៉ានឹងដោះលែងអ្នកទោសជាង ៥.០០០ នាក់ដែលជាប់ពន្ធនាគារដោយសារការធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារកាលពីខែកុម្ភៈកន្លងទៅ។ នេះបើយោងតាមសារព័ត៌មាន BBC។
លោកបានបន្តថា អ្នកទោសសរុបចំនួន ៥.៦៣៦ នាក់នឹងត្រូវបានដោះលែង ដើម្បីប្រារព្ធពិធីបុណ្យ Thadingyut នៅចុងខែតុលានេះ បន្ទាប់ពីលោកត្រូវបានគេដកចេញពីកិច្ចប្រជុំកំពូលអាស៊ានក្នុងតំបន់ ជុំវិញការប្តេជ្ញាចិត្តក្នុងការលុបបំបាត់វិបត្តិបង្ហូរឈាមនៅមីយ៉ាន់ម៉ា។
បើយោងតាមការបញ្ជាក់ពីក្រុមអ្នកឃ្លាំមើលក្នុងស្រុក បានឲ្យដឹងថា មីយ៉ាន់ម៉ាបានធ្លាក់ចូលក្នុងភាពវឹកវរ ចាប់តាំងពីរដ្ឋប្រហារ ដោយមានជនស៊ីវិលជាង ១.១០០ នាក់ត្រូវបានសម្លាប់នៅក្នុងការបង្ក្រាប ដើម្បីប្រឆាំងនឹងការចាប់ខ្លួនមនុស្សជាង ៨.០០០ នាក់ ។
ទន្ទឹមនោះ សមាគមន៍ជំនួយសម្រាប់អ្នកទោសនយោបាយ បានរាយការណ៍ថា បច្ចុប្បន្ននេះមានអ្នកទោសជាង ៧.៣០០ នាក់កំពុងស្ថិតនៅក្រៅពន្ធនាគារនៅទូទាំងប្រទេស។
សូមជម្រាបថា នាពេលកន្លងមកអាជ្ញាធរមីយ៉ាន់ម៉ាក៏ធ្លាប់បានដោះលែងអ្នកតវ៉ាប្រឆាំងរដ្ឋប្រហារជាង ២.០០០ នាក់ពីពន្ធនាគារទូទាំងប្រទេស កាលពី ខែកក្កដា រួមទាំងអ្នកសារព័ត៌មានដែលរិះគន់រដ្ឋាភិបាលយោធាផងដែរ៕