
លោក ពូទីន ចង់ពិភាក្សាជាបន្ទាន់ជាមួយអង្គការណាតូ ស្តីពីសន្តិសុខរបស់រុស្ស៊ី
រុស្ស៊ី ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃអង្គារថា លោកចង់ឱ្យមានការពិភាក្សាជាបន្ទាន់ជាមួយសហរដ្ឋអាមេរិកនិងអង្គការណាតូ ជុំវិញការធានាសន្តិសុខ ខណៈដែលភាពតានតឹងកើនឡើងរវាងទីក្រុងម៉ូស្គូ និងលោកខាងលិចជុំវិញអ៊ុយក្រែន។
សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់អង្គការណាតូបានចោទប្រកាន់រុស្ស៊ីជាច្រើនសប្តាហ៍ពីបទរៀបចំផែនការឈ្លានពានប្រទេសជិតខាង និងបានព្រមានអំពីការឆ្លើយតបទៅនឹងដាក់ទណ្ឌកម្មរួមគ្នាយ៉ាងធ្ងន់ធ្ងរទៅលើទីក្រុងម៉ូស្គូ ប្រសិនបើលោក ពូទីន ពិតជាហ៊ានបើកការវាយប្រហារដូច ការសង្ស័យមែននោះ។
នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីហ្វាំងឡង់លោក Sauli Niinisto ដែលប្រទេសរបស់ពួកគេធ្លាប់ធ្វើជាតំបន់កណ្តាលរវាងរុស្ស៊ី និងលោកខាងលិចនោះលោក ពូទីន បាននិយាយថា លោកចង់ឱ្យមានកិច្ចពិភាក្សាសន្តិសុខចាប់ផ្តើមដោយគ្មានការពន្យារពេល។
វិមានក្រឹមឡាំងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកពូទីន បានប្រាប់លោក Niinisto ថាទីក្រុងម៉ូស្គូចង់ “ចាប់ផ្តើមការចរចាជាបន្ទាន់ជាមួយសហរដ្ឋអាមេរិក និងអង្គការណាតូ ដើម្បីបង្កើតការធានាផ្នែកច្បាប់អន្តរជាតិសម្រាប់សន្តិសុខនៃប្រទេសរបស់ខ្លួន” ។
ការអត្ថាធិប្បាយរបស់លោកពូទីនបានកើតឡើងមួយថ្ងៃបន្ទាប់ពីអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Ryabkov បានព្រមានថាទីក្រុងម៉ូស្គូអាចធ្វើសកម្មភាពយោធា ប្រសិនបើកិច្ចចរចាដែលខ្លួនទាមទារមិនបានសម្រេច។
លោកពូទីនបានច្រានចោលការចោទប្រកាន់ អំពីគម្រោងឈ្លានពានលើអ៊ុយក្រែន ហើយលោកបានបន្ទោសទៅអង្គការ NATO វិញថា សម្ពន្ធភាពសន្តិសុខនេះទៅវិញទេ ដែលជាអ្នកនាំឲ្យភាពតានតឹងពុះក្រញ្ជោលឡើង ហើយបានទាមទារឲ្យមាន ការធានាតាមផ្លូវច្បាប់ថា ពួកគេនឹងមិនពង្រីកខ្លួនទៅភាគខាងកើតនោះឡើយ។
ប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីសប្តាហ៍មុនបានព្រមានលោកពូទីន អំពីការដាក់ទណ្ឌកម្មផងដែរ ប្រសិនបើទាហានរុស្ស៊ីវាយប្រហារ អ៊ុយក្រែន។ចំណែក សហភាពអឺរ៉ុប និងប្រទេស G7 បានជួបប្រជុំគ្នាក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដើម្បីសម្របសម្រួលនូវអ្វីដែលពួកគេបាននិយាយថា នឹងក្លាយជារបបទណ្ឌកម្មសេដ្ឋកិច្ចដែលមិនធ្លាប់មានពីមុនមក ប្រសិនបើរុស្ស៊ីវាយប្រហារអ៊ុយក្រែន៕