ក្រសួងធនធានទឹកបង្ហាញលទ្ធផល នៃការត្រួតពិនិត្យបង្គោល និងការបោះបង្គោលនៅក្នុងដែនព្រៃលិចទឹកនៃតំបន់ទន្លេសាបជុំវិញខេត្តទាំង៦

ភ្នំពេញ ៖ យោងរបាយការណ៍របស់ក្រសួងធនធានទឹកនាល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ បានបញ្ជាក់ថា អនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការត្រួតពិនិត្យ និងចាត់វិធានការបង្ក្រាបការទន្ទ្រានដីរដ្ឋក្នុងដែនព្រៃ លិចទឹកនៃតំបន់ទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ, អាជ្ញាធរទន្លេសាប រួមជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តទាំង៦ ជុំវិញបឹងទន្លេសាប សហការជាមួយអាជ្ញាធរមូលដ្ឋាន បានអនុវត្តការងារចុះពិនិត្យទីតាំងបង្គោលដែលដាំរួចរាល់ (តាមរយៈអនុក្រឹត្យលេខ ១៩៧ អនក្រ.បក ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០១១ របស់រាជរដ្ឋាភិបាល) ការងារតម្រង់បង្គោលឡើងវិញ ការងារដាំបង្គោលថ្មីដែលបានបាត់ និងការលើកប៉ាណូ ផែនទីកំណត់តំបន់៣។

របាយការណ៍បានបញ្ជាក់ថា ការងារបានអនុវត្តចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ មកដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ បានសម្រេចដូចខាងក្រោម ៖

ទី១៖ បានចុះពិនិត្យទីតាំងបង្គោលបានចំនួន ៥៨៣ដើម លើ ៨០២ដើម (យោងអនុក្រឹត្យលេខ១៩៧) ស្មើនឹង៦៧,១%។
ទី២៖ ក្នុងចំណោមបង្គោលដែលបានចុះពិនិត្យចំនួន ៥១៧ដើម ក្រុមការងារបានលាបថ្នាំលើក្បាលបង្គោល លើកតម្រង់បង្គោល និងដាំបង្គោលថ្មីដូចខាងក្រោម៖

* បង្គោលនៅឈរត្រង់ល្អចំនួន ១៩៧ដើម
*បង្គោលលើកតម្រង់ចំនួន ១៥៤ដើម
*បង្គោលធ្វើថ្មីចំនួន ៣១ដើម
*រីឯបង្គោលចំនួន ១៥៦ទៀត ស្ថិតនៅក្នុងទឹកនៅឡើយ ក្រុមការងារនឹងរៀបចំនៅពេលទឹកស្រកខាងមុខ។

ទី៣៖ ការងារលើប៉ាណូផែនទីកំណត់តំបន់៣ សម្រេចបានចំនួន ០៥កន្លែង លើផែនការចំនួន ៥២កន្លែង។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្មីៗនេះ បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់មួយ ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្តជាប់បឹងទន្លេសាប ត្រូវធ្វើការទប់ស្កាត់ និងបង្រ្កាបជាបន្ទាន់ចំពោះ ការលួចកាប់ព្រៃលិចទឹក និងវាទទីយកដីនៅតាមបឹងទន្លេសាប ជាពិសេសនៅខេត្តកំពង់ឆ្នាំងតែម្តង។

សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានបញ្ជាទៅឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ឱ្យដឹកនាំកិច្ចប្រជុំក្រសួងស្ថាប័នពាក់ព័ន្ធនេះ ដើម្បីបែងចែកភារកិច្ច ក្នុងការចុះពិនិត្យ បង្ក្រាប និងរឹបអូសដីដែលបានកាប់ទន្ទាននោះមកវិញ៕