
ចិនច្រានចោលនូវព័ត៌មានថា ខ្លួនបាញ់សាកល្បងមីស៊ីលល្បឿនលឿនជាងសំឡេង
ប៉េកាំង ៖ ក្រសួងការបរទេសចិននៅថ្ងៃចន្ទម្សិលមិញបានចេញមុខច្រានចោលរបាយការណ៍ដែលថា ប្រទេសចិនបានធ្វើតេស្តបាញ់ មីស៊ីលលឿនលឿនជាងសំឡេង ដែលមានសមត្ថភាពបំពាក់អាវុធនុយក្លេអ៊ែរ កាលពីខែសីហា ឆ្នាំ២០២១នេះ ដូចទៅនឹងការអះអាងរបស់សារព័ត៌មាន Financial Times កាលពីចុងសប្តាហ៍កន្លងទៅនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ចាវ លីជាន (Zhao Lijian) បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុងប៉េកាំងថា វាមិនមែនជាការបាញ់សាកល្បងមីស៊ីលនោះទេ តែវាជាការធ្វើតេស្តសាកល្បងយានអវកាស ដោយក្នុងគោលបំណង ដើម្បីពិនិត្យលើបច្ចេកវិទ្យាក្នុងការប្រើប្រាស់វាឡើងវិញ។
សូមជម្រាបថា កាលពីចុងសប្តាហ៍កន្លងទៅនេះ សារព័ត៌មាន Financial Times បានចេញផ្សាយពីរបាយការណ៍មួយ ដោយបង្ហាញថា ប្រទេសចិនបានធ្វើការសាកល្បងបាញ់មីស៊ីលល្បឿនលឿនជាងសំឡេង hypersonic missile ដែលមានសមត្ថភាពបំពាក់ថាមពលនុយក្លេអ៊ែរ កាលពីខែសីហាកន្លងទៅ៕