អង់គ្លេសរកឃើញករណីឆ្លងកូវីដ-១៩ ច្រើនបំផុតមិនធ្លាប់មានក្នុងពេល ២៤ម៉ោង

ឡុងដ៍ ៖ អង់គ្លេសបានកត់ត្រាករណីឆ្លងរហូតដល់ទៅ ៧៨,៦១០ករណីក្នុងអំឡុង២៤ម៉ោង ដែលជាតួលេខខ្ពស់បំផុតមិនធ្លាប់មាន ខណៈតួលេខឆ្លងខ្ពស់បំផុត ដែលចក្រភពអង់គ្លេសធ្លាប់បានជួបប្រទះ កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ មានចំនួន ៦៨,០៥៣ករណីនៅពេលដែលអង់គ្លេសបិទខ្ទប់ប្រទេស (lockdown)។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២១។

អាជ្ញាធរសុខាភិបាលនៃចក្រភពអង់គ្លេស បាននិងកំពុងព្រមានអំពីឥទ្ធិពល នៃវីរុស COVID-19 បំប្លែងថ្មី អូមីក្រុង (Omicron) ដែលនឹងធ្វើឲ្យករណីឆ្លង កើនឡើងយ៉ាងគំហុករហូតដល់ដើមឆ្នាំ ២០២២។ ទន្ទឹមនោះអាជ្ញាធរបានព្រមាននៅថ្ងៃពុធសប្តាហ៍នេះថា ចំនួនករណីឆ្លងនឹងកើនឡើង យ៉ាងគំហុកជាងនេះទៅទៀត នៅប៉ុន្មានសប្តាហ៍ខាងមុខ។

ជាមួយគ្នានេះក៏បានព្រមានផងដែរ អំពីកំណើននៃអ្នកជំងឺក្នុងមន្ទីរពេទ្យ ដែលអាចនឹងកើនឡើងប្រមាណ ១០% នៅទូទាំងប្រទេស នាប៉ុន្មានសប្តាហ៍ខាងមុខទៀត ក្នុងនោះ ១ ភាគ ៣ នៅទីក្រុងឡុងដ៍។

បើតាមមន្ត្រីរដ្ឋាភិបាលអង់គ្លេស ពិធីជួបជុំទាំងក្នុងក្រុមគ្រួសារ និងតាមទីសាធារណៈ ក្នុងឱកាសបុណ្យគ្រិស្មាក់ និងឆ្លងឆ្នាំសកលខាងមុខនេះ នឹងក្លាយជាឱកាសដែល ករណីឆ្លងជំងឺ COVID-19 កើនឡើងកាន់តែច្រើន។ ចំពោះមុខស្ថានការណ៍បែបនេះ នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន (Boris Johnson) បានជំរុញឲ្យប្រជាជន រួសរាន់ទៅទទួលការចាក់វ៉ាក់សាំង «ដូសជំរុញ» ដែលជារឿងសំខាន់បំផុតត្រូវធ្វើ៕