អាជ្ញាធរខេត្តព្រះសីហនុប្រាប់ឲ្យប្រជាពលរដ្ឋចាកចេញពីទីតាំងដីរបស់រដ្ឋ និងដីកម្មសិទ្ធិឯកជនក្នុងភូមិសាស្ត្រខេត្ត

ខេត្តព្រះសីហនុ ៖ អាជ្ញាធរខេត្តព្រះសីហនុ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ បានជូនដំណឹងឲ្យប្រជាពលរដ្ឋចាកចេញពីទីតាំងដីគម្របព្រៃឈើ ដីព្រៃលិចទឹក ដីព្រៃកោងកាង ដីតំបន់អភិរក្សដី នៅស្ថានីយដាំឈើអូរថ្ម ដីឧទ្យានជាតិ ដីឧទ្យានជាតិសមុទ្រ របៀងអភិរក្សជីវចម្រុះ ដីតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ និងដីកម្មសិទ្ធិឯកជន ក្នុងភូមិសាស្ត្រខេត្ត។

រដ្ឋបាលខេត្តព្រះសីហនុ បានជូនដំណឹងដល់ បុគ្គលពាក់ព័ន្ធរួមមាន ៖ អ្នកផ្តើមគំនិត អ្នកសមគំនិត អ្នកប្រព្រឹត្ត និងអ្នកញុះញង់ ដែលបាននិងកំពុងរុករានទន្ទ្រានកាន់កាប់ កាប់ឆ្ការ ឈូសឆាយ ដុត ហ៊ុមព័ទ្ធ សាងសង់សំណង់មិនរៀបរយ ស្នាក់នៅ ដាំដំណាំផ្សេងៗនៅក្នុងដីគម្របព្រៃឈើ ដីព្រៃលិចទឹក ដីព្រៃកោងកាង ដីតំបន់អភិរក្ស ដីនៅស្ថានីយដាំឈើអូរថ្ម ដីឧទ្យានជាតិ ដីឧទ្យានជាតិសមុទ្រ របៀងអភិរក្សជីវចម្រុះ ដីតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ និងដីកម្មសិទ្ធិឯកជន ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ថា សកម្មភាពទាំងអស់ខាងលើនេះ គឺជាបទល្មើសដែលមានចែងក្នុងក្រមរដ្ឋប្បវេណី ក្រមព្រហ្មទណ្ឌ ច្បាប់ស្តីពីព្រៃឈើ ច្បាប់ស្តីពីជលផល ច្បាប់ស្តីពីតំបន់ការពារធម្មជាតិ និងច្បាប់ភូមិបាល ដែលនៅជាធរមាន៕ ដោយ ៖ ទឹង សុភាព