សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៣៥៥ករណី និងស្លាប់ម្នាក់ទៀតក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍

សិង្ហបុរី ៖ ប្រទេសសិង្ហបុរី នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២១បានរាយការណ៍ពីករណីឆ្លងកូវីដ១៩ ថ្មីៗចំនួន៣៥៥ករណីបន្ថែមទៀត និងអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះម្នាក់ទៀតផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

បើតាមក្រសួងសុខាភិបាលប្រទេសសិង្ហបុរីបញ្ជាក់ថា ករណីឆ្លងថ្មីប្រចាំថ្ងៃនៅថ្ងៃម្សិលមិញគឺមានការធ្លាក់ចុះមកវិញ បើប្រៀបធៀបនឹងតួលេខឆ្លងប្រចាំថ្ងៃដែលបានរាយការណ៍ កាលពីថ្ងៃពុធកន្លងទៅនេះដែលមានចំនួន៤៤៧ករណី។

សូមជម្រាបថា គិតត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ករណីឆ្លងកូវីដ១៩នៅទូទាំងប្រទេសអាស៊ានមួយនេះ កើនដល់ ២៧៤,៩៧២ករណី និងអ្នកស្លាប់សរុបកើនដល់៨០៨នាក់៕