ឥណ្ឌូនេស៊ី ប្រកាស​រកឃើញ​ករណី​ឆ្លង Omicron ដំបូង លើ​បុគ្គលិក​ពេទ្យម្នាក់​ក្នុង​ទីក្រុង​ហ្សា​ការតា​

ហ្សា​ការតា​ ៖ រដ្ឋមន្ត្រី​សុខាភិបាល​របស់​ប្រទេស​ឥណ្ឌូណេស៊ី​លោក Budi Gunadi Sadikin បាន​ឲ្យ​ដឹង នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ប្រទេស​ឥណ្ឌូនេស៊ី​បាន​កត់ត្រា​ពី​ករណី​ឆ្លង​ដំបូង​របស់ខ្លួន​នៃ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ។​

វីរុស Omicron នេះ​ត្រូវបាន​រកឃើញ កាលពី​ល្ងាច​ថ្ងៃ​ពុធ លើ​បុគ្គលិក​នៅ​មន្ទីរពេទ្យ Wisma Atlet ម្នាក់​ក្នុង​ទីក្រុង​ហ្សា​ការតា ដែល​មិនមាន​ប្រវត្តិ​ធ្វើដំណើរ​ទៅ​ក្រៅប្រទេស​នោះទេ​។​

ដោយឡែក មកដល់ពេលនេះ នៅ​មិនមាន​ការឆ្លង​ចូល​សហគមន៍​នោះទេ ប៉ុន្តែ​ករណី​សង្ស័យ​វីរុស Omicron ចំនួន៥ករណី​បន្ថែមទៀត រួមទាំង​ជនជាតិ​ឥណ្ឌូនេស៊ី២នាក់​ដែល​ទើប​ត្រឡប់​មកពី​សហរដ្ឋអាមេរិក និង​មកពី​ចក្រភព​អង់គ្លេស បូករួម​ទាំង​ជនជាតិ​ចិន៣នាក់ ដែល​បច្ចុប្បន្ន​ពួកគេ​កំពុង​ត្រូវដាក់​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ទីក្រុង Manado ភាគ​ខាងជើង​ទីក្រុង Sulawesi ប្រទេស​ឥណ្ឌូនេស៊ី​។ នេះ​បើ​យោងតាម​ការបញ្ជាក់​ពី​រដ្ឋមន្ត្រី​សុខាភិបាល​ឥណ្ឌូនេស៊ី​។​

សូមជម្រាបថា វីរុស Omicron ដែល​ត្រូវបាន​រកឃើញ​ដំបូង​នៅ​អាហ្វ្រិក​ខាងត្បូង និង​ហុងកុង កាលពី​ខែ​មុន ឥឡូវនេះ​ត្រូវបាន​រាយការណ៍​ក្នុងប្រទេស​ជាង ៧០ ប្រទេស​ផ្សេងទៀត រួមទាំង​នៅ​ប្រទេស​ម៉ាឡេស៊ី សិង្ហ​បុរី ថៃ និង​ហ្វីលីពីន​ផងដែរ​៕