កម្ពុជាផ្ញើសារចូលរួមរំលែកទុក្ខប្រជាជនសហរដ្ឋអាមេរិក ដែលទទួលរងគ្រោះដោយការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារខ្យល់ព្យុះកំបុតត្បូង

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ បានផ្ញើសាររំលែកទុក្ខជូនប្រជាជនសហរដ្ឋអាមេរិក ដែលទទួលរងគ្រោះដោយការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារខ្យល់ព្យុះកំបុតត្បូង។

យោងតាមសាររំលែកទុក្ខ ដែលផ្សាយដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបញ្ជាក់យ៉ាងដូច្នេះថា៖ «រាជរដ្ឋាភិបាលកម្ពុជា មានសេចក្ដីសោកសង្រេងយ៉ាងខ្លាំង ពេលបានទទួលដំណឹងពីការបាត់បង់ជីវិតមនុស្សជាច្រើននាក់ និងការខូចខាតទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់ ដែលបង្កឡើងដោយខ្យល់ព្យុះកំបុតត្បូងដ៏សាហាវ ដែលវាយប្រហារមកលើរដ្ឋមួយចំនួននៅភាគខាងលិច និងខាងត្បូងនៃសហរដ្ឋអាមេរិក»។

ស្ថិតក្នុងគ្រាដ៏សែនសោកសៅ និងលំបាកនេះ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សូមចូលរួមរំលែកទុក្ខដោយស្មោះស្ម័គ្រជាមួយប្រជាជនអាមេរិក និងសូមសំដែងសេចក្ដីទុក្ខដ៏សែនក្រៀមក្រំ និងក្តីអាណិតអាសូរ ជូនចំពោះក្រុមគ្រួសារទាំងឡាយ ដែលបានបាត់បង់មនុស្សជាទីស្រលាញ់របស់ពួកគេ និងសូមបួងសួងឱ្យជនរងគ្រោះជាច្រើនផ្សេងទៀតដែលកំពុងបាត់ខ្លួនមានសុវត្ថិភាពគ្រប់ៗគ្នា៕