រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី២0 តាមប្រព័ន្ធវីដេអូ

ភ្នំពេញ ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាតំណាងជាតិសម្រាប់ក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន កាលពីព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ នៅទីស្តីការក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី២0 (the 20th ASEAN Economic Community Council Meeting) តាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះ បានដឹកនាំដោយឯកឧត្តមបណ្ឌិត Awang Haji Mohd Amin Liew Bin Abdullah រដ្ឋមន្ត្រីនៃខុទ្ទកាល័យនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីទី២នៃក្រសួងហិរញ្ញវត្ថុនិងសេដ្ឋកិច្ចព្រុយណេ និងមានការចូលរួមពីតំណាងជាតិសម្រាប់ក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានទាំងអស់ រដ្ឋមន្ត្រីឌីជីថលអាស៊ាន ព្រមទាំងអគ្គលេខាធិការអាស៊ានផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីក្នុងនាមជាតំណាងជាតិសម្រាប់ក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន បានជម្រាបដោយសង្ខេបជូនអង្គប្រជុំអំពីគោលដៅយុទ្ធសាស្ត្រ និងសមិទ្ធផលអាទិភាពសេដ្ឋកិច្ច (Priority Economic Deliverables – PEDs) ដែលកម្ពុជាបានត្រៀមសម្រាប់ឆ្នាំ២០២២ ក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា កិច្ចប្រជុំក៏បានរៀបចំឱ្យមានជំនួបរវាងក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន និងរដ្ឋមន្ត្រីឌីជីថលអាស៊ាន ដើម្បីផ្លាស់ប្តូរទស្សនៈគ្នាស្តីពីការបង្កើតឱ្យមាននូវសង្គតិភាពរវាងស្ថាប័នពាក់ព័ន្ធ ដើម្បីបន្តរបៀបវារៈនៃបរិវត្តកម្មឌីជីថលរបស់អាស៊ាន។

ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ឱ្យដឹងទៀតថា កិច្ចប្រជុំបានពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន ៦ចំណុច រួមមាន ៖ ១/ វឌ្ឍនភាពនៃសមិទ្ធផលអាទិភាពសេដ្ឋកិច្ច (Priority Economic Deliverables – PEDs) ក្រោមភាពជាប្រធានអាស៊ានរបស់ព្រុយណេក្នុងឆ្នាំ២០២១។ ២/ អនុសាសន៍របស់របាយការណ៍ពាក់កណ្តាលអាណត្តិនៃផែនការលម្អិតសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥។ ៣/ របាយការណ៍របស់ក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានជូនកិច្ចប្រជុំពូលអាស៊ានលើកទី៣៨ និង៣៩។ ៤/  ការត្រៀមដើម្បីរៀបចំឯកសារចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥។ ៥/ ការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និងទី៣៩ និង៦/ ភាពជាប្រធានអាស៊ានរបស់កម្ពុជាក្នុងឆ្នាំ២០២២៕