វៀតណាម​ពង្រឹង​ការគ្រប់គ្រង​តាម​បណ្តោយ​ព្រំដែន​ដើម្បី​ទប់ស្កាត់​ការឆ្លងវីរុស​បំប្លែង​ខ្លួនថ្មី Omicron

វៀតណាម ៖ អាជ្ញាធរ​នៅ​ភាគខាងត្បូង​ប្រទេស​វៀតណាម​បាន​បង្កើន​ការគ្រប់គ្រង​តាម​បណ្ដោយ​ព្រំដែន​ជាប់​ប្រទេស​កម្ពុជា បន្ទាប់ពី​កម្ពុជា​បាន​រកឃើញ​ករណី​ដំបូង នៃ​វីរុស​បំប្លែង​ខ្លួន Omicron ។​

​លោក​វរសេនីយ៍ឯក Doan Van An ស្នងការ​នយោបាយ​នៃ​បញ្ជាការដ្ឋាន​ឆ្មាំ​ព្រំដែន​ខេត្ត Long An បាន​ប្រាប់​កាសែត Tuoi Tre កាលពី​ថ្ងៃ​ពុធ​ថា មន្ត្រី​ការពារ​ព្រំដែន​ក្នុងស្រុក​ត្រូវបាន​ក្រើនរំលឹក​ឱ្យមាន​ការប្រុងប្រយ័ត្ន​បន្ថែមទៀត​នៅពេល​បំពេញ​កាតព្វកិច្ច​។ ​លោក An បាន​សង្កត់ធ្ងន់ថា ពួកគេ​ត្រូវបាន​តម្រូវ​ឲ្យ​ល្បាត​ញឹកញាប់​ជាង​មុន ដើម្បី​ស្វែងរក​អ្នក​លួច​ឆ្លងដែន ការរត់ពន្ធ និង​អ្វីដែល​សំខាន់បំផុត​គឺ ដើម្បី​ការពារ​ហានិភ័យ​ណាមួយ​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩​។​

​ក្រៅពី​ប៉ុស្តិ៍​ព្រំដែន​ទាំង​១២ មន្ត្រី​នៅ​ខេត្ត Long An កំពុង​ប្រតិបត្តិការ​ប៉ុស្តិ៍​ត្រួតពិនិត្យ​ចំនួន​៣៦ និង​បាន​បង្កើត​អង្គភាព​ល្បាត​ចំនួន​៦ និង​ក្រុមការងារ​ចំនួន​៧ ដើម្បី​រឹតបន្តឹង​សន្តិសុខ​តាម​បណ្ដោយ​ព្រំដែន​១៣៣​គីឡូម៉ែត្រ​ជាប់​ប្រទេស​កម្ពុជា ។ នៅ​ខេត្ត​ដុង​ថាប គណៈកម្មាធិការ​ប្រជាជន​បាន​បញ្ជា​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ពង្រឹង​ការគ្រប់គ្រង​ព្រំដែន ៥០ គីឡូម៉ែត្រ​របស់ខ្លួន​ជាប់​កម្ពុជា​។​

​យោងតាម​លោក Pham Thien Nghia បានឱ្យដឹងថា មន្ត្រី​ត្រូវបាន​ប្រគល់​ភារកិច្ច​ឱ្យ​ចុះ​ល្បាត​បន្ថែមទៀត ជាពិសេស​នៅពេល​យប់​។​

​លោក​វរសេនីយ៍ឯក Tran Quoc Khanh មេបញ្ជាការរង​នៃ​បញ្ជាការដ្ឋាន​ឆ្មាំ​ព្រំដែន​ខេត្ត​បាន​មានប្រសាសន៍ថា នៅ​ខេត្ត An Giang រាល់​ផ្លូវ​ទាំងអស់​នៅតាម​ខ្សែបន្ទាត់​ព្រំដែន​ត្រូវបាន​បិទ​។ លោក Khanh បន្តថា កម្លាំង​នគរបាល​មូលដ្ឋាន​ក៏បាន​សម្របសម្រួល​ជាមួយ​អង្គភាព​ការពារ​ព្រំដែន ដើម្បី​បង្កើន​ការ​ល្បាត​តាម​ព្រំដែន​។ វិធានការ​ស្រដៀង​គ្នា​នេះ​ត្រូវបាន​គេ​ធ្វើ​នៅ​ខេត្ត Tay Ninh ផងដែរ​។​

​ក្រសួងសុខាភិបាល​កម្ពុ​ជា​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃ​អង្គា​រថា កម្ពុជា​បាន​រកឃើញ​ករណី​ដំបូង​នៃ​មេរោគ​វីរុស​បំប្លែង​ខ្លួ​ម Omicron លើ​ស្ត្រី​វ័យ​២៣​ឆ្នាំ​រូបនេះ​បាន​ត្រឡប់​មកពី​ប្រទេស​ហ្គា​ណា​តាមរយៈ​ទីក្រុង​ឌូ​បៃ និង​បាងកក​។​

​សូមជម្រាបថា វីរុស​បំប្លែង Omicron ដែល​ត្រូវបាន​រកឃើញ​ដំបូង​នៅ​អាហ្វ្រិក​ខាងត្បូង​កាលពី​ខែ​មុន ឥឡូវនេះ​ត្រូវបាន​រាយការណ៍​បាន​ឆ្លង​រីក​រាលដាល​ដល់​ប្រទេស​ជាង ៧០​ហើយ​។ នេះ​បើ​យោងតាម​របាយការណ៍​ពី​អង្គការ​សុខភាព​ពិភពលោក​៕