
ជើងហោះហើរដំបូងបានមកដល់ និងចុះចតនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប បន្ទាប់ពីកម្ពុជាសម្រេចបើកប្រទេសឡើងវិញ និងទទួលទេសចរចាក់វ៉ាក់សាំងពេញលេញ
ខេត្តសៀមរាម ៖ នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១នេះ ជើងហោះហើរ លេខ SQ164 របស់ក្រុមហ៊ុន Singapore Airlines ចេញដំណើរពីប្រទេសសិង្ហបុរីបានមកដល់ និងចុះចតនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដោយសុវត្ថិភាពជាមួយវត្តមាន ភ្ញៀវទេសចរចម្រុះជាតិសាសន៍ចំនួន៦៧នាក់ ។
នេះជាលើកដំបូង ដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាប បាននទទួលការចុះចត និងទទួលភ្ញៀវទេសចរ បន្ទាប់ពីរាជរដ្ឋាភិបាល បានសម្រេចបើកប្រទេសឡើងវិញ និងទទួលទេសចរវ៉ាក់សាំងពេញលេញ។
ក្នុងឱកាសទទួលស្វាគមន៍ការមកដល់អ្នកទេសចរចម្រុះជាតិសាសន៍នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានចាត់ទុកថា នេះជាលើកដំបូងហើយដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាប ក៏ដូចជាខេត្តសៀមរាប បានទទួលអ្នកទេសចរលើកដំបូងបន្ទាប់ពីអាក់ខានប្រមាណជា២ឆ្នាំដោយសារវិបត្តិជំងឺកូវីដ១៩ ហើយការមកដល់របស់អ្នកទេសចរអន្តរជាតិនេះ ជាសញ្ញាល្អមួយក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ជាពិសេសខេត្តសៀមរាប ។
យោងតាម ឯកឧត្តម ប៊ុន រដ្ឋា នាយកអាកាសយានដ្ឋានអន្តរជាតិសៀមរាប បានឱ្យដឹងថា មានក្រុមហ៊ុនអាកាសចរណ៍ចំនួន ២ បានប្រកាសចាប់ផ្តើមហោះហើរមកកាន់ខេត្តសៀមរាប ចាប់ពីថ្ងៃ១៧ ខែធ្នូ ឆ្នាំ២០២១នេះ ពោលគឺ ក្រមហ៊ុនអាកាសចរណ៍សាំងហ្គាពួអែរឡាញ ធ្វើការហោះហើរដឹកអ្នកដំណើរមកកាន់ខេត្តសៀមរាប និងពីខេត្តសៀមរាបទៅសិង្ហបុរីវិញជារៀងរាល់ថ្ងៃ និង ក្រុមហ៊ុនអាកាសចរណ៍ ឡាយម៉ីអែរឡាញ (Lamei Airlines) នឹងធ្វើការហោះហើរពីភ្នំពេញមកសៀមរាប និងពីសៀមរាបទៅបាងកក ពីបាងកកមកសៀមរាបវិញ ដោយឆ្លងកាត់ភ្នំពេញ ក្នុងមួយសប្តាហ៍ពីរជើង៕