កម្ពុជារកឃើញអ្នកឆ្លងវីរុសកូវីដ១៩ បំប្លែងថ្មី «អូមីក្រុង» ករណីទី២ លើអ្នកដំណើរមកពីប្រទេសកេនយ៉ា

ភ្នំពេញ ៖ កម្ពុជាបានរកឃើញករណីឆ្លងវីរុសកូវីដ១៩ បំប្លែងថ្មី «អូមីក្រុង» ទី២ លើបុរសជនជាតិអៀរ៉ង់វ័យ២៥ឆ្នាំ ដែលបានត្រឡប់មកពីប្រទេសកេនយ៉ា។

ក្រសួងសុខាភិបាលបានបញ្ជាក់ទៀតថា បុរសវ័យ២៥ឆ្នាំដែលរកឃើញមានវីរុសកូវីដ១៩ បំប្លែងថ្មី «អូមីក្រុង» នេះ មានទីលំនៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បុរសរូបនេះបានធ្វើដំណើរតាមជើងហោះហើរ ពីប្រទេសកេនយ៉ា ឆ្ពោះទៅកាន់ទីក្រុងឌូបៃ និងបន្តដំណើរពីទីក្រុងឌូបៃ មកប្រទេសថៃ ទើបហោះហើរពីប្រទេសថៃមកដល់កម្ពុជា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។

បច្ចុប្បន្ន អ្នកជំងឺរូបនេះ កំពុងសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកម្ចាស់រោគរបេង និងហង់សិន ក្នុងរាជធានីភ្នំពេញ។

ជាមួយនឹងការរកឃើញករណីដំបូងវីរុសកូវីដ១៩ បំប្លែងថ្មី «អូមីក្រុង»នេះ ក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ ដោយអនុវត្តវិធានការ «៣កុំ ៣ការពារ» ឱ្យបានខ្ជាប់ខ្ជួនជានិច្ច។

សូមជម្រាបថា កាលពីយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ កម្ពុជាបានរកឃើញករណីឆ្លងវីរុសកូវីដ១៩ បំប្លែងថ្មី «អូមីក្រុង» ជាលើកដំបូងលើស្ត្រីខ្មែរវ័យ២៣ឆ្នាំ ដែលបានត្រឡប់មកពីធ្វើការនៅប្រទេសហ្គាណា ដែលបច្ចុប្បន្នអ្នកជំងឺកំពុងសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកម្ចាស់រោគរបេង និងហង់សិនផងដែរ៕