ប្រព័ន្ធធារាសាស្រ្តស្រែជ្រៃ (បាក់ខាំ) ដែលជាសមិទ្ធផលថ្មី ក្នុងស្រុកកោះញែក ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

ខេត្តមណ្ឌលគិរី ៖ ប្រព័ន្ធធារាសាស្រ្តស្រែជ្រៃ (ហៅបាក់ខាំ) ត្រូវបានធ្វើពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមវត្តមានលោក ជាក់ ម៉េង ហ៊ាង អភិបាលរងខេត្ត តំណាងឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី និងលោក សៀ រ៉ា អនុប្រធានរដ្ឋបាលព្រៃឈើ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរស្រុក តំណាងអង្កការដៃគូរនានា និងប្រជាពលរដ្ឋជាច្រើនរូប ដែលប្រព្រឹត្តទៅនៅបរិវេណប្រព័ន្ធធារាសាស្រ្តស្រែជ្រៃ ក្នុងភូមិណងបួរ ឃុំណងឃីលឹក ស្រុកកោះញែក នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១។

លោក សៀ រ៉ា អនុប្រធានរដ្ឋបាលព្រៃឈើ បានមានប្រសាសន៍ថា គម្រោងរបៀងអភិរក្សជីវៈចម្រុះ (BCCP) នៅកម្ពុជាទទួលបានហិរញ្ញប្បទានឥតសំណងពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលផ្តល់ហិរញ្ញប្បទានចំនួន ១៩លានដុល្លា ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណើរការ អនុវត្តគម្រោងរបៀងអភិរក្សជីវៈចម្រុះមហាអនុតំបន់ មេគង្គ ដែលអនុវត្តខេត្តចំនួន ២ គឺខេត្តមណ្ឌលគិរី និងខេត្តកោះកុង គោលបំណង គឺផ្តោតសំខាន់ ទី១. ជំរុញឲ្យមានប្រសិទ្ធភាព និងភាពស្របច្បាប់ដល់សហគមន៍មូលដ្ឋាន ការគ្រប់គ្រងប្រើប្រាស់ធនធានព្រៃឈើ ការទទួលស្គាល់សហគមន៍ព្រៃឈើ និងព្រៃការពារធម្មជាតិ។ ទី២. ស្តារឡើងវិញនៅព្រៃរិចរិល ធានាការដាំដុះប្រភេទឈើក្នុងស្រុក ការធ្វើកសិរុក្ខកម្ម ការកែឆ្នៃអនុផលព្រៃឈើ។ ទី៣. លើកកម្ពស់ជីវភាពសហគមន៍ ការផ្តល់ហេដ្ឋារចនាសម្ព័ន្ធខ្នាត់តូច និងខ្នាតមធ្យម និងទី៤ បង្កើតមុខរបរបន្ថែមដល់គ្រួសារ ចូលរួមជាមួយសកម្មភាពគម្រោង និងការទប់ទល់ទៅនឹងការបម្រែបម្រួលអាកាសធាតុ ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅខេត្តមណ្ឌលគិរី។

លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា គម្រោងរបៀងអភិរក្សជីវៈចម្រុះមហាអនុតំបន់មេគង្គ ដែលទទួលបានជំនួយឥតសំណងរបស់ធានាគារអភិវឌ្ឍន៍អាស៊ី ឫហៅកាត់ថា ADB ហើយគម្រោងនេះ នៅខេត្តមណ្ឌលគិរី បានចូលរួមចំណែកដល់ការគ្រប់គ្រងធនធានព្រៃឈើ ជំរុញការដាំស្តារព្រៃឈើឡើងវិញ នៅតំបន់ដីព្រៃរិចរិល តាមរយៈការដាំដុះបញ្ចូលនៅប្រភេទឈើព្រៃក្នុងស្រុក ការធ្វើកសិរុក្ខកម្ម បង្កើនជីវភាពសហគមន៍ និងបង្កើនប្រាក់ចំណូលដល់សហគមន៍ បណ្តុះបណ្តាលពង្រឹងសមត្ថភាព ថ្នាក់ក្រោមជាតិ និងសហគមន៍មូលដ្ឋាន។ លោកបញ្ជាក់ថា គម្រោងប្រព័ន្ធធារាសាស្រ្ត (បាក់ខាំ) បានផ្តល់ផលដល់ប្រជាពលរដ្ឋចំនួន ៥១គ្រួសារ ដែលអាចផ្គត់ផ្គង់ទឹកស្រោចស្រពដីស្រែចំនួន ១៧១ហិកតា និងចែកជាពីរផ្នែក ១. សាងសង់ទំនប់ប្រវែង១,៩៥គីឡូម៉ែត្រ សំណង់បង្ហៀរទឹកចំនួន ១ និងសំណង់បញ្ចេញទឹកចំនួន ១ ប្រជាសហគមន៍ ដែលទទួលផលពីគម្រោងសរុប ៥១គ្រួសារ ដែលអាចផ្គត់ផ្គង់ទឹកស្រោចស្រពដីស្រែចំនួន ១៧១ហិកតា ២. ប្រឡាយមេប្រវែង១,៩៥គីឡូម៉ែត្រ រួមនឹងការសាសង់សំណង់បញ្ចៀសទឹក ១ សំណង់បញ្ចេញទឹក ៦ និងសំណង់បញ្ចប់នៅចំណុចចុងប្រឡាយ ១ ហើយគម្រោងនេះ ចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ និងបញ្ចប់ជាស្ថាពរកាលពីខែកញ្ញា ឆ្នាំ២០២០។

ជាមួយគ្នានេះ លោក អភិបាលរងខេត្ត បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេស សហគមន៍នៅតំបន់នេះ ត្រូវចូលរួមថែរក្សាការពារទំនប់នេះ ឲ្យបានគង់វង្ស ទុកសម្រាប់ប្រើប្រាស់បង្កបង្កើនផលកសិកម្ម ការធ្វើចរាចរណ៍ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងបញ្ចៀសការខ្វះខាតទឹកក្នុងការធ្វើកសិកម្ម និងឲ្យប្រជាពលរដ្ឋអាចយកទៅប្រើប្រាស់ឲ្យបានល្អប្រសើរ៕ ដោយ ៖ ផល្លិត ហៅរ៉ា