អភិបាលខេត្តក្រចេះដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ      

ខេត្តក្រចេះ ៖ ឯកឧត្តម វ៉ា ថន អភិបាលនៃ គណៈអភិបាលខេត្តក្រចេះ និងជាប្រធាន គណៈមេបញ្ជារការឯកភាពខេត្ត នារសៀលថ្ងៃសុក្រ ទី១៧ ខែធ្នូ ឆ្នាំ២០២១ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅក្នុងខេត្តនាពេលខាងមុខនេះ។

ក្នុងកិច្ចប្រជុំនារសៀលនេះដែរ ដោយមានការអញ្ជើញចូលរួមពីលោក ឡាយ បូរ៉ា ប្រធានមន្ទីរអប់រំខេត្ត លោក លោកស្រីជាប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ សហការក្នុងការអនុវត្តការងារប្រឡង ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះប្រកបដោយសមត្ថភាព និងគុណភាព សមនឹងពាក្យស្លោកបានលើកឡើងថា «ចេះគឺជាប់ អត់ចេះគឺធ្លាក់» ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម គណៈអភិបាលខេត្ត បានក្រើនរំលឹកដល់លោកនាយកសាលានៅគ្រប់ឋានានុក្រមទាំងអស់ សូមអប់រំបន្ថែមដល់សិស្សានុសិស្សគ្រប់រូបឲ្យប្រឹងប្រែងខិតខំរៀនសូត្រគ្រេបជញ្ជក់យកចំណេះដើម្បីបន្តការសិក្សារបស់ខ្លួនឲ្យបានដល់គោលដៅ និងឈានទៅចាប់ឧត្តមសិក្សាបន្តទៀត ដើម្បីជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍន៍ខ្លួននាពេលអនាគត និងជាអ្នកបន្តវេនសម្រាប់សេចក្តីត្រូវការរបស់ប្រទេសជាតិ និងចូលរួមចំណែកអភិវឌ្ឍប្រទេសជាមួយនិងរាជរដ្ឋាភិបាលឲ្យកាន់តែរីកចម្រើនសម្បូរសប្បាយបន្ថែមទៀតមិនចាញ់ប្រទេសជិតខាងនាពេលអនាគត។

ឯកឧត្តមបន្តថា លោកគ្រូ អ្នកគ្រូ ជាអាណាព្យាបាលទី២ និងជាមាតាបិតាទី២របស់សិស្សគ្រប់រូប ហើយមានតួនាទីសំខាន់ក្នុងការអប់រំបង្ហាត់បង្ហាញដល់សិស្សទាំងពីរភេទដើម្បីស្វែងរកចំណេះដឹងចំណេះធ្វើសម្រាប់ឆ្ពោះទៅរកផ្លូវល្អៗ ជួយទប់ស្កាត់ និងមិនឲ្យប្រព្រឹត្តនូវអំពើមិនគប្បីនៅក្នុងសង្គម ពិសេសការជួញដូរគ្រឿងញៀន សេពគ្រឿងញៀនជាដើម ដែលជាអំពើខុសច្បាប់។

លើសពីនេះឯកឧត្តមក៏បានជំរុញដល់លោកគ្រូ អ្នកគ្រូបន្តអប់រំដល់សិស្សានុសិស្សឲ្យចេះថែរក្សាសុខភាព និងធ្វើអនាម័យឲ្យបានគ្រប់ៗគ្នា នៅសាលាក្នុងបន្ទប់ទឹកត្រូវមានសាប៊ូ សម្រាប់លាងដៃ អាកុល ឬជែល ដើម្បីកម្ចាត់ជំងឺឆ្លងផ្សេងៗ ពិសេសជំងឺសកល គឺកូវីដ-១៩ ដែលវាបម្លែងថ្មី ដែលយើងមិនអាចមើលឃើញ ហើយតម្រូវឲ្យសិស្សានុសិស្សចូលរួមអនុវត្តវិធានរបស់ក្រសួងសុខាភិបាលបានជាប្រចាំនូវ «៣ការពារ និង៣កុំ»៕ ដោយ ៖ ស៊ាន ចន្ទ័ដា