វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន១៥,២៣៦ករណី និងស្លាប់ថ្មី២៤៦នាក់ទៀត

ហាណូយ ៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃសុក្រម្សិលមិញ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន១៥,២៣៦ ករណីបន្ថែមទៀត និងអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះ ចំនួន២៤៦នាក់ទៀតផងដែរ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមតា មការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News។

បើតាមក្រសួងសុខាភិបាលវៀតណាមបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងខាងលើ មាន២១ករណីជាករណីនាំចូល ក្រៅពីនោះ ជាករណីឆ្លងក្នុងស្រុកទាំងអស់។ ដោយឡែកទីក្រុងហូជីមិញដែលតាំងពីដើមជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ មានចំនួន១,០៤០ ករណី តាមពីក្រោយខេត្ត Bến Tre ដែលមានចំនួន ១,២៤៦ករណី និងខេត្ត Cà Mau ចំនួន ១,៣៣៩ ខណៈរដ្ឋធានីហាណូយបានរាយការណ៍ចំនួន៥៣៥ករណី។

សូមជម្រាបថា គិតត្រឹមយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១នេះវៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១,៥០៨,៤៧៣នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១,០៩៥,៥១៨នាក់ ចំណែកអ្នកស្លាប់សរុបចំនួន ២៩,១០៣នាក់៕