លោកជំទាវ ខាំ សុភាព អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣ ឆ្នាំ២០២១-២០២៥

ខេត្តក្រចេះ ៖ នារសៀលថ្ងៃសុក្រ ទី១៧ ខែធ្នូ ឆ្នាំ២០២១ លោកជំទាវ ខាំ សុភាព គណៈអភិបាលរងខេត្តក្រចេះបានអញ្ជើញដឹកនាំកិច្ចប្រជុំមួយស្តីពីពិនិត្យពីវឌ្ឍនភាព វាយតម្លៃការងារចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣ ឆ្នាំ២០២១-២០២៥ សម្រាប់បេក្ខភាពក្រុងក្រចេះ។

កិច្ចប្រជុំនេះផងដែរ ប្រព្រឹត្តទៅនៅសាលប្រជុំមេគង្គសាលាខេត្ត និងមានការចូលរួមពីសំណាក់លោក លោកស្រី ជាអភិបាលរងក្រុង លោកប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត អង្គភាពពាក់ព័ន្ធរួមនិងចៅសង្កាត់ទាំង៥ ក្នុងក្រុងក្រចេះ។

នាឱកាសនោះ លោកជំទាវ ខាំ សុភាព បានបញ្ជាក់ថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យ និងពិគ្រោះយោបល់ពិភាក្សាលើបញ្ហាមួយចំនួនដែលក្រុងក្រចេះជាបេក្ខភាពក្នុងការចូលរួមប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣ ឆ្នាំ២០២១-២០២៥ ។  លោកជំទាវបានមាប្រសាសន៍ថា យើងនៅមានចំណុចខ្វះខាតផ្នែកទិន្នន័យសម្រាប់ការបញ្ចូលបន្ថែមជាឯកសារសម្រាប់អនុវត្តនាពេលខាងមុខ។

តាមរយៈកិច្ចប្រជុំនេះផងដែរ លោកជំទាវបានបញ្ជាក់ថា វាជាស្មារតីរួមរវាងមន្ទីរ និងអង្គភាពដែលបានប្តេជ្ញាចិត្តរួមគ្នាមួយនិងក្រុងក្រចេះ ហើយក៏ជាបេក្ខភាពចូលរួមក្នុងការរៀបចំជាឯកសារបានទាន់ពេលវេលាដើម្បីដាក់បញ្ចូលក្នុងការប្រឡងប្រណាំងទីក្រុងស្អាតនាពេលខាងមុខ។

ជាថ្មីម្តងទៀត លោកជំទាវ ខាំ សុភាព បានបញ្ជាក់ថា កិច្ចការងារប្រឡងប្រណាំងទីក្រុងស្អាត វាមិនមែន ជាកិច្ចការរបស់មន្ទីរទេសចរណ៍ ឬក៏សាលាក្រុងតែម្នាក់ឯងនោះទេ គឺវាទាមទារគ្រប់ភាគីទាំងអស់ រួមទាំងមន្ទីរ អង្គភាពជុំវិញខេត្តសហការផងដែរ ទើបការងារទទួលបានភាពជោគជ័យ និងទទួលបាននូវជ័យលាភ័យ រំដួល៣ទង សម្រាប់ខេត្តក្រចេះរបស់យើង។

ជាមួយគ្នានេះ លោកជំទាវអភិបាលរងខេត្តបានអំពាវនាវគ្រប់ភាគីពាក់ព័ន្ធ និងមន្ទីរ អង្គភាពត្រូវធ្វើជាគំរូ សម្រាប់ប្រជាពលរដ្ឋក្នុងបរិវេណប្រកបការងារប្រចាំថ្ងៃរបស់ខ្លួន និងត្រូវចូលរួមធ្វើអនាម័យនៅតាមដងផ្លូវ និងមុខកន្លែងធ្វើការផងដែរ ទាំងអស់នេះកើតចេញពីមនសិការបស់យើងទាំអស់គ្នា ក្នុងការរួមចំណែកអភិវឌ្ឍប្រទេសជាតិ៕ ដោយ ៖ ស៊ាន ចន្ទ័ដា