ឯកឧត្តម ហ៊ុន ម៉ានី ៖ ពហុកីឡដ្ឋានជាតិ «មរតកតេជោ» នឹងក្លាយជាកម្លាំងជំរុញទឹកចិត្ត ដ៏មហិមាដល់កីឡាករក្នុងការប្រឹងប្រែងដើម្បីដណ្តើមជោគជ័យ

ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា និងជាប្រធានហភាពសហព័ន្ធយុវជនកម្ពុជា បានបង្ហាញសុទិដ្ឋិនិយមយ៉ាងមុតមាំថា ពហុកីឡដ្ឋានជាតិ «មរតកតេជោ» នឹងក្លាយជាកម្លាំងជំរុញទឹកចិត្តដ៏មហិមាដល់កីឡាករ កីឡាការិនីទាំងអស់ក្នុងការប្រឹងប្រែងដើម្បីដណ្តើមជោគជ័យក្នុងវិញ្ញាសារប្រកួតរបស់ខ្លួន។

តាមរយៈទំព័រ Facebook នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងយ៉ាងដូច្នេះថា៖ «សមិទ្ធផលដ៏ត្រចះត្រចង់មួយទៀតក្នុងវិស័យកីឡាបានលេចត្រដែតរូបរាងជាផ្លូវការហើយនាថ្ងៃនេះ។ ស្ថិតក្នុងបរិយាកាសដ៏សែនរំភើបរីករាយប្រកបដោយក្តីមោទនៈនេះ ខ្ញុំក៏ដូចជាពលរដ្ឋកម្ពុជាទាំងអស់គ្នា សូមសម្តែងនូវការអបអរសាទរ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង ប្រកបដោយការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបាននូវសមិទ្ធផលជាច្រើនជូនជាតិ មាតុភូមិ និងប្រជាជន ហើយដែលពហុកីឡដ្ឋានជាតិ «មរតកតេជោ» នេះជាតឹកតាងមួយ»។

ឯកឧត្តមបានគូសបញ្ជាក់ថា ផ្អែកលើការដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់ និងចក្ខុវិស័យវែងឆ្ងាយ កម្ពុជាបានធ្វើដំណើរយ៉ាងស្វាហាប់ឈានមកដល់ចំណុចនេះ ពោលគឺការឈោងចាប់ឧត្តមភាពក្នុងវិស័យកីឡា ស្របពេលដែលសេដ្ឋកិច្ចជាតិ ជីវភាពប្រជាជនមានការកើនឡើងមកដល់កម្រិតមួយ ដែលអនុញ្ញាតឱ្យយើងអភិវឌ្ឍខ្លួនបន្ថែមក្នុងផ្នែកផ្សេងៗ រួមមានកីឡាផងដែរ។

បន្ថែមពីនេះ ឯកឧត្តម ហ៊ុ ន ម៉ានី បានបន្តថា ជាមួយនឹងសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធរូបវន្តនេះ ព្រះរាជាណាចក្រកម្ពុជាក៏បាន និងកំពុងហ្វឹកហាត់ ដុសខាត់ សម្រិតសម្រាំងសមត្ថភាពកីឡាករ កីឡាការិនី សម្រាប់ត្រៀមលក្ខណៈដើម្បីជ័យជំនះក្នុងការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ជាមួយគ្នានេះ ឯកឧត្តម បានបង្ហាញអារម្មណ៍យ៉ាងដូច្នេះថា៖ «ខ្ញុំមានសុទិដ្ឋិនិយមយ៉ាងមុតមាំថា ពហុកីឡដ្ឋានជាតិ «មរតកតេជោ» នឹងក្លាយជាកម្លាំងជំរុញទឹកចិត្តដ៏មហិមាដល់បងប្អូនកីឡាករ កីឡាការិនីទាំងអស់ក្នុងការប្រឹងប្រែងដើម្បីដណ្តើមជោគជ័យក្នុងវិញ្ញាសារប្រកួតរបស់ខ្លួន។ បងប្អូនត្រូវមានជំនឿជាក់លើខ្លួនឯង ដូចដែលពួកយើងជឿជាក់មកលើបងប្អូនដូច្នេះដែរ៕