
សារព័ត៌មានកូរ៉េខាងត្បូង ៖ កូរ៉េខាងជើងបន្តបាញ់មីស៊ីលផ្លោងមួយគ្រាប់ទៀតឆ្ពោះទៅសមុទ្រជប៉ុន
ព្យុងយ៉ាង ៖ កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងមិនស្គាល់អត្តសញ្ញាណមួយប្រភេទទៀតហើយ ឆ្ពោះទៅកាន់សមុទ្រជប៉ុន នៅតាមបណ្ដោយឆ្នេរសមុទ្រខាងកើតរបស់ខ្លួន។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរបស់កូរ៉េខាងត្បូង Yonhap បានរាយការណ៍នៅថ្ងៃអង្គារនេះ។
យោងតាមសារព័ត៌មានដដែលបានឲ្យដឹងថា អាជ្ញាធរយោធាកូរ៉េខាងត្បូង និងអាមេរិកកំពុងធ្វើការវិភាគយ៉ាងដិតដល់ អំពីកម្ពស់ និងរយៈចម្ងាយនៃការបាញ់មីស៊ីលផ្លោងមួយប្រភេទនេះ។ ឆ្មាំសមុទ្រជប៉ុន ក៏បានចេញសេចក្ដីប្រកាស និងព្រមានដល់កប៉ាល់ ហើយនឹងនាវានេសាទផ្សេងៗ ដែលនៅបរិវេណសមុទ្រនោះឲ្យមានការប្រុងប្រយ័ត្ន អំពីហានិភ័យនៃការធ្លាក់កម្ចេចកម្ទី ឬបំណែកណាមួយជាយថាហេតុផងដែរ។ កូរ៉េខាងជើង ធ្លាប់បាននិយាយ កាលពីដើមខែនេះថា ខ្លួនបានបាញ់សាកល្បងដោយជោគជ័យនូវមីស៊ីលប្រឆាំងយន្តហោះជំនាន់ថ្មី។
សូមជម្រាបថា ការបាញ់មីស៊ីលនៅកូរ៉េខាងជើងត្រូវបានបដិសេធនៅក្នុងកិច្ចប្រជុំបិទទ្វាររបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលទីក្រុងព្យុងយ៉ាងបានសង្កត់ធ្ងន់ថា វាជាការរំលោភលើអធិបតេយ្យភាពរបស់ខ្លួនផងដែរ៕