វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន១៦,១១០ករណីទៀត និងស្លាប់២១៥នាក់

ហាណូយ ៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអាទិត្យម្សិលមិញ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន១៦,១១០ ករណីបន្ថែមទៀត និងអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះ ចំនួន២១៥នាក់ទៀតផងដែរ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News ។

បើតាមក្រសួងសុខាភិបាលវៀតណាមបញ្ជាក់ថា ករណីឆ្លងខាងលើជាករណីឆ្លងក្នុងស្រុកទាំងអស់។ ដោយឡែកទីក្រុងហូជីមិញដែលតាំងពីដើមជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ មានចំនួន១,០១៤ ករណី តាមពីក្រោយរដ្ឋធានីហាណូយ ដែលរាយការណ៍ចំនួន ១,៤០៥ករណី និងខេត្ត Cà Mau ចំនួន ១,៣៤៥ករណី ។

សូមជម្រាបថា គិតត្រឹមយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១នេះវៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១,៥៤០,៤៧៨នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១,១០៧,៩៦៣នាក់ ចំណែកអ្នកស្លាប់សរុបចំនួន ២៩,៥៦៦នាក់៕