
កូរ៉េខាងជើងហាមមិនឱ្យពលរដ្ឋសើចរយៈពេល១១ថ្ងៃ ក្នុងថ្ងៃខួប១០ឆ្នាំនៃមរណភាពលោក Kim Jong Il
កូរ៉េខាងជើង ៖ សារព័ត៌មាន koreaboo បានចេញផ្សាយថា ប្រទេសកូរ៉េខាងជើងបានហាមឃាត់មិនឲ្យពលរដ្ឋសើចសប្បាយរយៈពេល១១ថ្ងៃ ដែលជាផ្នែកមួយនៃការកាន់ទុក្ខដ៏យូរសម្រាប់ខួបលើកទី១០នៃមរណភាពរបស់មេដឹកនាំរបស់ពួកគេគឺលោក Kim Jong Il។ មិនត្រឹមតែហាមមិនឲ្យសើចប៉ុណ្ណោះទេ ប៉ុន្តែការបង្ហាញភាពសប្បាយរីករាយ ការដើរទិញឥវ៉ាន់ និងផឹកស៊ីក៏ត្រូវបានហាមឃាត់ដែរ។
ប្រជាពលរដ្ឋមិនត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងសកម្មភាពកម្សាន្តនោះទេ ហើយនៅថ្ងៃគម្រប់ខួបមរណភាពរបស់លោក Kim Jong Il តូបលក់គ្រឿងទេសក៏មិនត្រូវបានអនុញ្ញាតឱ្យដំណើរការផងដែរ។ មនុស្សដែលមិនមាន “ការកាន់ទុក្ខឱ្យបានគ្រប់គ្រាន់” ក៏នឹងត្រូវពិន័យ និងដកចេញ ឬយកទៅដាំតំឡូង។ ក្នុងនោះ ប្រជាពលរដ្ឋណាម្នាក់ ដែលត្រូវបានគេមើលឃើញថាបានបំពានច្បាប់ទាំងនេះអាចត្រូវបានដកចេញ ដោយគ្មានការព្រមានឡើយ និងចាត់ទុកជាឧក្រិដ្ឋជនមនោគមវិជ្ជា។
សូមជម្រាបថា លោក Kim Jong Il បានគ្រប់គ្រងប្រទេសកូរ៉េខាងជើងពីឆ្នាំ ១៩៩៤ ដល់ឆ្នាំ ២០១១ មុនពេលត្រូវបានស្នងតំណែងបន្តដោយកូនប្រុសពៅរបស់លោក គឺលោក Kim Jong Un។ ការស្លាប់របស់លោក Kim Jong Il ត្រូវបានចុះបញ្ជីនៅថ្ងៃទី ១៧ ខែធ្នូឆ្នាំ ២០១១៕