នៅថ្ងៃចន្ទនេះ ប្រទេសឡាវកើតមានករណីគ្រោះរញ្ជួយដីចំនួន២លើក

វៀងច័ន្ទ ៖ គ្រោះរញ្ជួយដីកម្រិតស្រាល និងមធ្យមរហូតដល់ទៅ២លើក បានកើតមាននៅតំបន់ភាគខាងជើងប្រទេសឡាវ កាលពីពេលទាបភ្លឺថ្ងៃចន្ទនេះ (ម៉ោងនៅទីក្រុងវៀងច័ន្ទ) ប៉ុន្តែវាមិនបានបង្កឲ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់ ឬខូចខាតទ្រព្យសម្បត្តិអ្វីឡើយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Lao Times នាព្រឹកថ្ងៃចន្ទ ទី២០ ខែធ្នូ ឆ្នាំ២០២១។

មជ្ឈមណ្ឌលតាមដានគ្រោះរញ្ជួយដីនៃប្រទេសឡាវ (LNEDC) បានឲ្យដឹងថា គ្រោះរញ្ជួយដីខាងលើនេះ បានកើតមានឡើងនៅក្នុងខេត្ត សាយ៉ាបួរី (Xayaboury) ភាគខាងជើងប្រទេស ដោយលើកទី ១ មានកម្រិត ៣.៥រ៉ិចទ័រ បានកើតមានឡើងកាលពីវេលាម៉ោង ៤៖០២នាទី (ចេញពីក្នុងដីជម្រៅ ១០គីឡូម៉ែត្រ) និងលើកទី ២ មានកម្រិត ៥.៨រ៉ិចទ័រ (ចេញពីក្នុងដីជម្រៅ ១០គីឡូម៉ែត្រដូចគ្នា)។ LNEDC បញ្ជាក់ថា ដោយសារតែគ្រោះរញ្ជួយដីខាងលើនេះ បានវាយប្រហារចំតំបន់ដែលគ្មានមនុស្សរស់នៅច្រើន ដូច្នេះវាពុំបានបង្កគ្រោះថ្នាក់ ឬការខូចខាតអ្វីនោះឡើយ៕