NOCC លើកទឹកចិត្ត​ឲ្យ​ស្ត្រី​ចូលរួម​ក្នុង​កីឡា ឲ្យ​បាន​ច្រើន​ដូច​បុរស​

ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) បានរៀបចំ​សិក្ខាសាលា ស្តីពី​ការអប់រំ​អូឡាំពិក និង​សមភាព​ស្ត្រី​ក្នុង​វិស័យ​កីឡា នៅ​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២១ នៅ​ទីស្នាក់ការ​របស់ខ្លួន ដោយមាន​ការចូលរួម​សិស្សានុសិស្ស​ជានា​រី​ជាច្រើន​នាក់​។​

​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ NOCC មានប្រសាសន៍ថា នេះ​ជាវ​គ្គ​សិក្សា​ប្រចាំ​មួយ ដើម្បី​លើកទឹកចិត្ត​ដល់​ចលនា​ស្ត្រី​ក្នុង​កីឡា​ឲ្យ​បាន​ច្រើន ជាពិសេស​គឺ​ការផ្ទេរ​ចំណេះដឹង​ទាក់ទង​នឹង​បំ​ណិ​ន​ជីវិត​ឲ្យ​ស្ត្រី​ឲ្យ​មាន​ភាពក្លាហាន និង​ចូលរួម​ក្នុង​កីឡា ដោយ​ស្ត្រី​គឺជា​ផ្នែក​សំខាន់​មិនអាច​ខ្វះ​បាន​ដូច​បុរស​ដែរ​។

​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC) បាន​ជំរុញ​ឲ្យ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​នៃ​ប្រទេស​នីមួយៗ ជុំវិញ​ពិភពលោក ធ្វើ​ឲ្យ​មាន​សមភាព​ស្ត្រី​ដូច​បុរស​ដែរ ជាពិសេស​គឺ​គោលការណ៍​អូឡាំពិក​អន្តរជាតិ បំផុស​ឲ្យ​មាន​ស្ត្រី​ដឹកនាំ​ក្នុង​វិស័យ​កីឡា ត្រូវ​បង្កើន​ឲ្យ​បាន ៣០% ចាប់តាំងពី​ឆ្នាំ​២០២០​មក​។ ប៉ុន្តែ​ការចូលរួម​របស់​ស្ត្រី នៅក្នុង​កីឡា គឺ​ត្រូវបាន​បំផុស​ឲ្យ​ចូល​រួមមាន​ចំនួន​ដូចគ្នា​នឹង​បុរស​ដែរ​។​«​ដោយសារតែ​បច្ចុប្បន្ន ការបើក​ទូលាយ​ដល់​ស្ត្រី​ក្នុងការ​ចូលរួម​ក្នុង​កីឡា​កាន់តែ​ទូលំទូលាយ និង​សារសំខាន់​របស់​ស្ត្រី​ក្នុង​កីឡា នោះ​ហើយ ទើប​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា តែងតែ​រៀបចំ​ការបញ្ជ្រាប​ការផ្សព្វផ្សាយ​ចលនា​អូឡាំពិក​ដល់​ស្ត្រី ដើម្បី​ឲ្យ​ពួគគាត់ បាន​ស្វែងយល់​ពី​សិទ្ធិ​ក្នុងការ​ចូលរួម​កីឡា​។

ជាមួយគ្នា​នោះ ខ្ញុំ​បាន​លើកទឹកចិត្ត​ដល់​ស្ត្រី ឲ្យ​យល់ដឹង និង​កសាង​ជីវិត​របស់​ពួកគាត់ ឲ្យ​មាន​គុណភាព តាមរយៈ​វិស័យ​កីឡា តាមរយៈ​ការពង្រឹង​ចិត្តសាស្ត្រ​កីឡា ដើម្បី​ជួយ​ជំរុញ​ឲ្យ​ស្ត្រី​មាន​ភាពក្លាហាន ក្នុង​ការផ្លាស់​ប្តូរជីវិត​របស់គាត់​»​។ នេះ​ការ​បញ្ចាក់​បន្ថែម​ឯកឧត្តម​អគ្គលេខាធិការ​។​

​ចំពោះ​ចំណុច​សំខាន់​មួយទៀត ក្នុង​កម្មវិធី​អប់រំ​អូឡាំពិក និង​សមភាព​ស្ត្រី​ក្នុង​កីឡា​នេះ ក៏​យើង​បាន​ផ្ញើ​សារ​អំពី​ដំណើរ​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ និង​ការប្រកួត​កី​ឡាន​ពិការ អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣ ជូន​ដល់​ពួកគាត់ ដើម្បី​ឲ្យ​សិស្សានុសិស្ស បាន​ចូលរួម​គាំទ្រ​ដល់​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ ជា​លើកដំបូង​របស់​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​យើង​បាន​លើកទឹកចិត្ត​ឲ្យ​ពួកគាត់ ចូលរួម​ក្នុងនាម​ជា​អ្នកស្ម័គ្រចិត្ត ដែល​ព្រឹត្តិការណ៍​នេះ ត្រូវការ​អ្នកស្ម័គ្រចិត្ត​ជិត​១​ម៉ឺន​នាក់ ដែល​អ្នកស្ម័គ្រចិត្ត​ចេញពី​សិស្ស​-​និស្សិត​នេះហើយ​។ ​«​ដើម្បី​ស្រួប​ទាញ​កម្លាំង​យុវជន សិស្ស​-​និស្សិត​ចូលរួម​គាំទ្រ ដល់​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ​កាន់តែ​អស្ចារ្យ​ទៀត​នោះ គឺថា​យើង​នឹង​អាច​ស្នើសុំ​រាជរដ្ឋាភិបាល ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុងការ​ពន្យារ​វិស្សម​កាល​នៃ​ការសិក្សា ចន្លោះ​ការប្រកួត​ស៊ី​ហ្គេម ពីថ្ងៃ​ទី​៥​ដល់​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២៣ ដើម្បី​ស្រូបយក​ការគាំទ្រ​បន្ថែម ដល់​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​យើង​»​។​

​មួយផ្នែក​ទៀត គឺជា​ការផ្តល់​ឱកាស​ឲ្យ​យុវជន សិស្ស​-​និស្សិត បានទទួល​យក​នូវ​បទពិសោធន៍ នៃ​ការទទួល​បដិសណ្ឋារកិច្ច គាំទ្រ​ដល់​ការរៀបចំ​ការប្រកួត មើលឃើញ​ពី​ការរីកចម្រើន​របស់​កីឡា ដើម្បី​ទុកជា​ប្រយោជន៍​ដល់​ការសិក្សា​របស់​ពួកគាត់​ផងដែរ​។ ការអប់រំ​កាយ និង​កីឡា គឺជា​សមាសភាព​មួយ​ដ៏​សំខាន់​មិនអាច​ខ្វះ​បាន នៅក្នុង​ការអប់រំ ដោយ​ការអប់រំ​រាងកាយ គឺ​កើតចេញ​ជា​បញ្ញា បើកាលណា​កើតជា​បញ្ញា គឺ​វា​បានផ្តល់​ប្រយោជន៍​ដល់​ការសិក្សា​រៀនសូត្រ​របស់​ពួកគាត់​។ នេះ​ជា​ប្រសាសន៍​បន្ថែម​របស់​ឯក​ឧ​ត្ត​ម វ៉ា​ត់ ចំរើន​៕ ប្រភពពី​៖Cambodia 2023