រដ្ឋបាលរាជធានីភ្នំពេញគ្រោងសាងសង់ស្ពានអាកាសថ្មីមួយទៀត នៅចំណុចភ្លើងស្តុបផ្សារស៊ិនជូរីផ្លាហ្សា

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសំឡេង ( Video Conference ) ជាមួយកងកម្លាំងទាំងពីរប្រភេទ មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរខណ្ឌទាំង១៤ កាលពីល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញគ្រោងសាងសង់ស្ពានអាកាសថ្មីមួយកន្លែងទៀត នៅចំណុចភ្លើងស្តុបផ្សារស៊ិនជូរីផ្លាហ្សា ដើម្បីសម្រួលចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋដែលឆ្លងកាត់នៅតំបន់នោះ។

ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា ការស្ថាបនាស្ពានអាកាស និងផ្លូវក្រោមដីនៅរង្វង់មូលចមចៅ បានស្ថាបបានច្រើនភាគរយហើយ និងបានដាក់ឲ្យដំណើរការផ្លូវមួយចំនួន នៃស្ពានអាកាសនិងផ្លូវក្រោមដីនេះហើយដែរ។ ស្ពានអាកាស និងផ្លូវក្រោមដីនៃរង្វង់មូលចោមចៅនេះ ក្រោយពីមានការដាក់ឲ្យដំណើរការ ផ្លូវមួយចំនួននៃស្ពាននេះ លំហូរសារាចរនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី, ផ្លូវលេខ២០០៤ និងផ្លូវលេខ២០១១ មានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ដែលតម្រូវឲ្យរដ្ឋបាលរាជធានីភ្នំពេញធ្វើការសិក្សា ដើម្បីសាងសង់ស្ពានអាកាសថ្មីមួយទៀត នៅចំណុចខាងលើនេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។

ស្ពានអាកាសថ្មីមួយនេះ គ្រោងបើកការដ្ឋានស្ថាបនា ក្រោយពីបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវស្ពានអាកាស និងផ្លូវក្រោមដី នៃរង្វង់មូលចោមចៅ។ នៅពេលការដោះស្រាយចរាចរណ៍ នៅរង្វង់មូលចោមចៅ បានល្អប្រសើរហើយ វាបែរមកកកស្ទះចរាចរណ៍ នៅចំណុចស្តុបផ្សារស៊ិនជូរីផ្លាហ្សា (ផ្លូវ២០០៤ កែងផ្លូវសហព័ន្ឋរុស្ស៊ី)នេះតែម្ដង ដែលតម្រូវឲ្យរដ្ឋបាលរាជធានីភ្នំពេញ ត្រូវតែធ្វើការសិក្សា ដើម្បីសាងសង់ស្ពាន អាកាសថ្មីមួយទៀតនេះ៕