កិច្ចប្រជុំស្តីពីការពិនិត្យផ្ដល់យោបល់ និងអនុម័តលើសេចក្ដីព្រាងសៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិល របស់រដ្ឋបាលខេត្តព្រះវិហារ

ខេត្តព្រះវិហារ ៖ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២១នេះ នៅអាគារជាន់ទី០៣ សាលាខេត្តព្រះវិហារ មានរៀបចំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្ត ស្ដីពីការពិនិត្យផ្ដល់យោបល់និងអនុម័តលើសេចក្ដីព្រាង សៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២២-២០២៤ របស់ខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម ជាអភិបាលរងខេត្ត ក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្ដ អភិបាលក្រុង-ស្រុកទាំង០៨ និងមន្ត្រីរាជការនៃមន្ទីរផែនការជាច្រើនរូបទៀត ។

លោក សេង ប៊ុនរឿន ប្រធានមន្ទីរផែនការខេត្ត បានសម្ដែងនូវការអរគុណដល់លោក លោកស្រី ជាថ្នាក់ដឹកនាំនៃបណ្ដាមន្ទីរអង្គភាពទាំងអស់ ដែលបានយកចិត្តទុកដាក់ ឲ្យមានកិច្ចសហការយ៉ាងល្អជាមួយមន្ទីរផែនការខេត្ត ក្នុងការរៀបចំឯកសារដ៏មានសារសំខាន់នេះ ។

លោកបានឲ្យដឹងទៀតថា ផ្អែកលើផែនការអភិវឌ្ឍន៍ខេត្តរយៈពេល ០៥ឆ្នាំ ២០២០-២០២៤ សេចក្ដីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ឆ្នាំ ២០២២ ២០២៤នេះ ត្រូវបានរៀបចំឡើងដោយមានការគិតគូរដល់កត្តាចម្បង និងស្ថានភាពជាក់ស្ដែង ០២សំខាន់ៗ ពោលគឺការបង្ហាញគម្រោងទិន្នន័យ ដែលមានអាទិភាពខ្ពស់ របស់មន្ទីរវិស័យអង្គភាពជុំវិញខេត្ត ដែលមានចែងក្នុងគោលនយោបាយនៃផែនការអភិវឌ្ឍន៍ខេត្ត រយៈពេល ០៥ឆ្នាំ ២០២០-២០២៤ ទី០២ ស្ថិតក្នុងតម្រូវការចំណាយទុនសរុប សម្រាប់ការអនុវត្តផែនការអភិវឌ្ឍន៍ខេត្តរយៈពេល ០៥ឆ្នាំ ២០២០-២០២៤ ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ប្រាក់ សុវណ្ណ បានឲ្យដឹងថា របាយការណ៍វាយតម្លៃការអនុវត្តឆ្នាំ២០២១ បានបង្ហាញច្បាស់លាស់ ពីវឌ្ឍនភាពដែលរដ្ឋបាលខេត្តសម្រេចបាននិងបញ្ហាប្រឈមមួយចំនួន ដែលប៉ះពាល់ដល់ដំណើរការនៃការអភិវឌ្ឍន៍កន្លងមក ដូច្នេះការងារដោះស្រាយបញ្ហាប្រឈមទាំងនោះ ទាមទារឲ្យមានការប្រឹងប្រែងអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ថែមទៀត ដើម្បីឲ្យសម្រេចបាននូវកំណើនសេដ្ឋកិច្ច និងទិសដៅអាទិភាពនានា ដែលគាំទ្រដល់មូលដ្ឋាន ដូចជាការអភិវឌ្ឍន៍កសិកម្មជនបទ តាមរយៈការលើកកម្ពស់ផលិតភាព និងពិពិធកម្មកសិកម្ម ដូចដែលបានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី០៤ និងផែនការអភិវឌ្ឍន៍ខេត្តរយៈពេល ០៥ឆ្នាំ ២០២០-២០២៤ ការងារទាំងនេះ គឺជាអាទិភាពតែមួយគត់ដែលអាចផ្ដល់នូវផលប្រយោជន៍ចំពោះមុខ និងយូរអង្វែង ដូចជាការផ្ដល់នូវបណ្ដាញសុវត្ថិភាពសង្គម សម្រាប់មូលដ្ឋាន ។

ជាមួយនេះ ឯកឧត្តមក៏បានធ្វើការជំរុញទៅដល់អង្គប្រជុំទាំងមូល សូមមេត្តាយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីសម្រេចឲ្យបាននៅគោលដៅទាំងនេះ ហើយបណ្ដាវិស័យទាំងអស់ ត្រូវយកចិត្តទុកដាក់ខិតខំប្រឹងប្រែងគិតគូររៀបចំគម្រោងអាទិភាព នៅក្នុងកម្មវិធីវិនិយោគ ០៣ឆ្នាំ ២០២២-២០២៤ ដែលជាឆ្នាំទី០៣ អាណត្តិទី០៣ នៃក្រុមប្រឹក្សាខេត្ត និងឆ្នាំបន្តបន្ទាប់ទៀត ៕ ដោយ ៖ ជឹម ទូច