មេ FIFA អះអាងថា ការប្រកួត World Cup ២​ឆ្នាំ​ម្ដង​ជា​រឿង​ល្អ​សម្រាប់​គ្រប់គ្នា​

​ពិភពលោក ៖ សហព័ន្ធ​បាល់ទាត់​អន្ដរជាតិ​កំពុង​រៀបចំ​ស្នើ​គ្រប់​បណ្ដា​ប្រទេស​ដើម្បី​គាំទ្រ​ដល់​ការរៀបចំ​ពានរង្វាន់ FIFA World Cup លេង​២​ឆ្នាំ​ម្ដង ជំនួស​ការលេង​៤​ឆ្នាំ​ម្ដង​។​

​លោក Gianni Infantino ប្រធាន FIFA បាន​អះអាងថា​ការផ្លាស់ប្តូរ​នេះ​ជា​រឿង​ល្អ​សម្រាប់​គ្រប់គ្នា ដើម្បី​ទទួលបាន​ការប្រកួតប្រជែង​ថ្មី​។ មួយវិញទៀត ចំណូល​ដែល FIFA ទទួលបាន ក៏​នឹងត្រូវ​ចែក​ទៅតាម​បណ្ដា​ប្រទេស​ទាំងអស់​ដែលជា​សមាជិក ២១១​នោះ​ផងដែរ​។ ឯកសារ​ប្រមាណ​ជា​៧០០​សន្លឹក​ត្រូវបាន​ធ្វើឡើង ដើម្បី​ការពារ​និង​ពន្យល់​ដល់​សមាជិក​ទាំង​អស់ ពី​គុណប្រយោជន៍​នៃ​ការបង្កើតពាន​២​ឆ្នាំ​ម្ដង​។​

​យ៉ាងណាក្ដី​មិនទាន់មាន​ការបោះឆ្នោត​ណាមួយ​ត្រូវបាន​កំណត់ពេល​សម្រាប់​ផែនការ​នេះ​នៅឡើយ​ទេ ប៉ុន្តែ លោក Infantino បាន​និយាយថា ភាគច្រើន​គឺ​គាំទ្រ​គំនិត​នេះ ប៉ុន្តែ​ចាំបាច់​ត្រូវ​ដោះស្រាយ​ជា​ផ្នែក​នៃ​ការផ្លាស់ប្តូរ​នៃ​ប្រតិទិន​ការប្រកួត​អន្តរជាតិ​។​ ​លោក Infantino បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​ថា “​ប្រសិនបើ​បោះឆ្នោត ប្រហែលជា​ភាគច្រើន​នឹង​បោះឆ្នោត​គាំទ្រ​ការប្រកួត​បាល់ទាត់​ពិភពលោក​រៀងរាល់​ពីរ​ឆ្នាំ​ម្តង​” ។​

​តែ​យ៉ាងណា ខាង​សហព័ន្ធ​បាល់ទាត់​នៅ​អឺរ៉ុប នៅ​អាមេរិក​ខាងត្បូង និង​លី​គ​ធំៗ​ជាដើម បាន​ជំទាស់​ចំពោះ​ផែនការ​នេះ​។ វា​នឹងធ្វើ​ឱ្យមាន​ផលប៉ះពាល់​ច្រើន​ចំពោះ​ការប្រកួត ហើយ​កីឡាករ​ផ្ទាល់​ក៏​នឹងមិន​មាន​ពេល​សម្រាក​នោះទេ ដោយ​លេង​ទាំង​លី​គ​អាជីព​ផង ហើយ​ត្រូវ​លេង​ជម្រើសជាតិ​ទៀត កៀក​គ្នា​ខ្លាំង​៕