
ចូ បៃដិន ជំរុញឲ្យប្រជាជនអាមេរិកទៅចាក់វ៉ាក់សាំង ខណៈកំពុងប្រឈមនឹងមេរោគ Omicron
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីថ្ងៃអង្គារ បានអំពាវនាវដល់ប្រជាជនអាមេរិកទាំងអស់ឱ្យទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសបម្លែងខ្លួនថ្មី Omicron ដែលកំពុងសាយភាយពាសពេញពិភពលោក ខណៈដែលថ្ងៃបុណ្យណូអែលកាន់តែខិតជិតមកដល់។
លោក Biden បាននិយាយនៅឯសេតវិមានថា ប្រសិនបើអ្នកមិនបានចាក់វ៉ាក់សាំងពេញលេញនោះទេ អ្នកនឹងទទួលរងហានិភ័យខ្ពស់ ក៏ដូចជាលទ្ធភាពខ្ពស់ក្នុងការឆ្លងជំងឺ ខណដែលលោក បានរៀបចំផែនការទិញឧបករណ៍ធ្វើតេស្តរហ័សរកមេរោគកូវីដ ១៩ ចំនួន ៥០០ លាន គ្រឿងចែកចាយដោយឥតគិតថ្លៃដល់ប្រជាជនអាមេរិក នៅខែក្រោយនេះ ដើម្បីឲ្យពួកគេមានលទ្ធភាពអាចធ្វើតេស្តដោយខ្លួនឯងបាន បើមានការសង្ស័យនៃជំងឺ។
ជាមួយគ្នានេះបណ្តាប្រទេសនៅទូទាំងទ្វីបអឺរ៉ុប បាននឹងកំពុងពិចារណាលើការទប់ស្កាត់ និងការដាក់ចេញនូវវិធានការផ្សេងៗ ដើម្បីកាត់ផ្ដាច់ចង្វាក់ចម្លងនៃវីរុស Omicron នេះផងដែរ។ ករណីឆ្លងនៃវីរុសបម្លែងខ្លួនថ្មី Omicron កំពុងកើនឡើងនៅទូទាំងទ្វីបអឺរ៉ុប សហរដ្ឋអាមេរិក និងរួមទាំងបណ្ដាប្រទេសនៅអាស៊ីមួយចំនួនផងដែរ ដែលជាក្ដីបារម្ភមួយសម្រាប់ពិភពលោក។
គួរបញ្ជាក់ថា វីរុស Omicron កំពុងវាយលុកខ្លាំងនៅអាមេរិក និងអ៊ឺរ៉ុប ដែលធ្វើឲ្យករណីឆ្លងមួយថ្ងៃមួយថ្ងៃកើនដល់ជិត ១ ម៉ីននាក់ និងឈានដល់ ១ ម៉ីននាក់ទៀតផង៕