ថៃសម្រេច​ដាក់​ឲ្យ​មាន​ការធ្វើ​ច​ត្តា​ឡី​ស័ក​ឡើងវិញ ចំពោះមុខការ​បារម្ភ​ពី​វីរុស Omicron ​

បាងកក​ ៖ រដ្ឋាភិបាល​ថៃ កាលពី​ថ្ងៃ​អង្គារ បានប្រកាស​ពី​ការដាក់ឱ្យ​អនុវត្ត​ការធ្វើ​ច​ត្តា​ឡី​ស័ក​ជា​កាតព្វកិច្ច​ការពារ​ជំងឺ​កូ​វីដ១៩ ឡើងវិញ​សម្រាប់​ភ្ញៀវ​បរទេស និង​លុបចោល​ការលើកលែង​ចំពោះ​ការធ្វើ​ច​ត្តា​ឡី​ស័ក​នេះ ចាប់​ពីថ្ងៃ​អង្គារ​តទៅ ដោយសារ​មានការ​ព្រួយបារម្ភ​អំពី​ការរីក​រាលដាល​នៃ​វីរុស​ប​ម្លែ​ង​ថ្មី Omicron ។​

ការសម្រេចចិត្ត​បញ្ឈប់​កម្មវិធី Test and Go របស់​ប្រទេស​ថៃ គឺ​មានន័យថា ភ្ញៀវទេសចរ​ទាំងអស់​នឹងត្រូវ​ឆ្លងកាត់​ការធ្វើ​ច​ត្តា​ឡី​ស័ក​នៅក្នុង​សណ្ឋាគារ ក្នុង​រយៈពេល​ចន្លោះ​ពី ៧ ទៅ ១០ ថ្ងៃ​។​ ទន្ទឹម​នោះ កម្មវិធី​ដែល​ហៅថា ប្រអប់​ខ្សាច់ ក៏​នឹងត្រូវ​ផ្អាក​នៅ​គ្រប់កន្លែង​ទាំងអស់​ផងដែរ ដោយ​លើកលែងតែ​កោះ​រមណីយដ្ឋាន​ទេសចរណ៍​ភូ​កេ​ត​មួយ​ប៉ុណ្ណោះ​។​

អ្នកនាំពាក្យ​រង​រដ្ឋាភិបាល​ថៃ លោកស្រី Rachada Dhanadirek បាន​និយាយថា បន្ទាប់ពី​ថ្ងៃទី ២១ ខែធ្នូ នេះ​តទៅ​នឹង​លែងមាន​ការចុះឈ្មោះ​ថ្មី​សម្រាប់​កម្មវិធី Test and Go ទៀត​ទេ ពោលគឺ​មានតែ​ការធ្វើ​ច​ត្តា​ឡី​ស័ក​ប៉ុណ្ណោះ ខណ​កម្មវិធី ប្រអប់​ខ្សាច់ ឬ Sand Box គឺមាន​តែ​នៅ​តំបន់ ភូ​កេ​ត ប៉ុណ្ណោះ​។​

គួរ​បញ្ជាក់ថា សេចក្តីប្រកាស​នេះ​បាន​កើតឡើង​មួយថ្ងៃ បន្ទាប់ពី​ប្រទេស​ថៃ បាន​រាយការណ៍​ករណី​ឆ្លង​ចូលក្នុង​សហគមន៍​ដំបូង​នៃ​វីរុស Omicron លើ​ស្ត្រី​ម្នាក់​៕