សម្តេចតេជោ ហ៊ុន សែន រៀបចំអាហារពេលព្រឹកលក្ខណៈគ្រួសារជូនប្រមុខរដ្ឋវៀតណាម

ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ដែលជាថ្ងៃទី២ នៃដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា របស់ ឯកឧត្តម ង្វៀន សួនហ្វុក (Nguyen Xuan Phuc) ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញរៀបចំ និងពិសាអាហារពេលព្រឹកការងារជាមហាកិត្តិយស ដ៏ខ្ពង់ខ្ពស់បំផុត ជូនឯកឧត្តម ង្វៀន សួនហ៊្វុក និងគណៈប្រតិភូជាន់ខ្ពស់ ធ្វើឡើងនៅភូមិគ្រឹះតាខ្មៅ។

ក្នុងជំនួបអាហារពេលព្រឹកនោះផងដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍សំដែងនូវការស្វាគមន៍យ៉ាងសិទ្ធស្នាលរាក់ទាក់ ជូនចំពោះ ឯកឧត្តមប្រធានរដ្ឋវៀតណាម ដែលបានផ្តល់នូវមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត អញ្ជើញមកទទួលទានអាហារការងារពេលព្រឹកដល់ភូមិគ្រឹះរបស់សម្តេច។ សម្តេចតេជោបានមានប្រសាសន៍សំដែងនូវការសោកស្តាយ ដែលភរិយារបស់សម្តេច គឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មិនមានវត្តមានអញ្ជើញចូលរួមក្នុងពិធីទទួលទានអាហារពេលព្រឹកនេះ ដោយសាតែភរិយារបស់សម្តេចមានបញ្ហាសុខភាពបន្តិចបន្តួច ប៉ុន្តែមានវត្តមានកូនប្រុសទាំងបីរបស់សម្តេច គឺ ឯកឧត្តម ហ៊ុន ម៉ាណែត ឯកឧត្តម ហ៊ុន ម៉ានិត និងឯកឧត្តម ហ៊ុន ម៉ានី បានចូលរួមនៅក្នុងពិធីនេះ។

នៅក្នុងពិធីទទួលទានអាហារពេលព្រឹក ជាលក្ខណៈគ្រួសារដែលបានចំណាយពេលប្រមាណ ១ម៉ោង សម្តេចតេជោនាយករដ្ឋមន្រ្តី និង ឯកឧត្តមប្រធានរដ្ឋវៀតណាម បានធ្វើការផ្លាស់ប្តូរយោបល់ពីគ្នាទៅវិញទៅមក ជុំវិញការងារ មួយចំនួនដែលសម្តេច និងឯកឧត្តមប្រធានរដ្ឋ ធ្លាប់បានធ្វើការជាមួយគ្នា ក្នុងនាមជាប្រមុខរដ្ឋាភិបាល និងការដោះស្រាយបញ្ហាធំៗជាច្រើន ដែលបម្រើផលប្រយោជន៍ឲ្យប្រទេស និងប្រជាជន នៃប្រទេសទាំងពីរកម្ពុជា-វៀតណាម ពិសេសការខិតខំជំរុញកំណើនសេដ្ឋកិច្ច នៃប្រទេសទាំងពីរឲ្យកាន់តែមានទំហំឡើង ពីមួយឆ្នាំទៅមួយឆ្នាំ។

នៅក្នុងជំនួបអាហារការងារពេលព្រឹកនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី និង ឯកឧត្តមប្រធានរដ្ឋវៀតណាម បានសំដែងនូវការវាយតម្លៃខ្ពស់សាជាថ្មីម្តងទៀត ចំពោះលទ្ធផលនៃដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ ជាលើកដំបូងរបស់ ឯកឧត្តម ង្វៀន សួនហ៊្វុក មកកាន់ព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីឯកឧត្តមត្រូវបានជ្រើសតាំងជាប្រធានរដ្ឋវៀតណាម កាលពីពេលថ្មីកន្លងទៅ។ ក្នុងជំនួបនោះដែរ ឯកឧត្តម ង្វៀន សួនហ្វុក បានសាទរចំពោះសមិទ្ធផលជាប្រវត្តិសាស្ត្រសំខាន់ៗ ដែលព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជា សម្រេចបាន ជាពិសេសការអភិវឌ្ឍជាតិ ស្ថិរភាពនយោបាយសង្គម លើកកម្ពស់តួនាទី និងមុខមាត់របស់ប្រទេសកម្ពុជា នៅក្នុងតំបន់និងនៅលើឆាកអន្តរជាតិ។

ជាមួយនោះដែរ ភាគីទាំងពីរ បានសំដែងនូវការពេញចិត្ត ចំពោះការរីកចំរើនទំនាក់ទំនងរវាងប្រទេសទាំងពីរ ដោយគ្រប់ជ្រុងជ្រោយ និងជិតស្និទ្ធ នឹងកាន់តែមានប្រសិទ្ធភាពថែមទៀត ក្នុងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាម ក្នុងរយៈពេល ៥៥ឆ្នាំកន្លងមក ទោះ បីជាស្ថិតនៅក្នុងបរិបទការរីករាលដាលនៃជំងឺកូវីដក្ដី។

ភាគីទាំងពីរក៏បានអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ និងបានឯកភាពគ្នាជំរុញការអនុវត្តកិច្ចព្រមព្រៀងស្ដីពីការលើកកម្ពស់ និងការការពារវិនិយោគ និងកិច្ចព្រមព្រៀងចៀសវាងការយកពន្ធត្រួតគ្នា និងជួយសម្រួលដល់ការអភិវឌ្ឍន៍ពាណិជ្ជកម្ម តាមបែបថ្មី និងបានព្រមព្រៀងគ្នា ជំរុញការរៀបចំផែនការមេ ស្តីពីការតភ្ជាប់សេដ្ឋកិច្ចកម្ពុជា-វៀតណាម។ ភាគទីទាំងពីរ ក៏បានឯកភាព ក្នុងការពន្លឿនការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីពាណិជ្ជកម្មតាមព្រំដែន។ ភាគីទាំងពីរ ក៏បានឯកភាពគ្នាថែមទៀត ក្នុងការពន្លឿនកិច្ចពិភាក្សា ឆ្ពោះទៅកាន់ការទទួលស្គាល់គ្នាទៅវិញទៅមកលើលិខិតឆ្លងដែន វិញ្ញាបនបត្របញ្ជាក់វ៉ាក់សាំង ដើម្បីសម្រួលលើការធ្វើដំណើររបស់ប្រជាជនទាំងសងខាងផង សម្រួលដល់ការធ្វើពាណិជ្ជកម្មរវាងប្រជាជន និងប្រទេសទាំងពីរផង។

លើសពីនោះទៀត ភាគីទាំងពីរ ក៏បានឯកភាពក្នុងការជំរុញ និងពង្រឹងលើកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ វិស័យសុខាភិបាល វិស័យអប់រំ វិស័យយុត្តិធម៌ និងការតភ្ជាប់គ្នារវាងប្រទេសទាំងពីរ និងប្រជាជនទាំងពីរ ក៏ដូចជាកិច្ចសហប្រតិបត្តិការនៅលើឆាកអន្តរជាតិ និងក្នុងតំបន់ ។

នៅក្នុងជំនួបនេះ សម្ដេចតេជោ បានថ្លែងអំណរគុណចំពោះ ឯកឧត្តម ង្វៀន សួនហ្វុក ដែលកន្លងមក បានគាំទ្រដល់កម្ពុជា ធ្វើឲ្យកម្ពុជាទទួលបានជោគជ័យក្នុងកិច្ចប្រជុំអាស៊ឹម ហើយក៏សូមថ្លែងអំណរគុណជូនចំពោះឯកឧត្តម ង្វៀន សួនហ្វុក ដែលបានមានប្រសាសន៍ថា នឹងគាំទ្រកម្ពុជា ធ្វើយ៉ាងណាឱ្យកម្ពុជា ទទួលបានជោគជ័យក្នុងកិច្ចប្រជុំអាស៊ាននាពេលខាងមុខ ក្នុងនាមកម្ពុជា ជាប្រធានអាស៊ាន៕