អាជ្ញាធរជាតិអប្សរា កំពុងជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត

ខេត្តសៀមរាប ៖ ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរាកំពុងចាប់ផ្ដើមដំណើរការ ជួសជុលច្រកទ្វារចូលខាងកើតនៃប្រាសាទអង្គរវត្ត ឱ្យប្រសើរឡើងវិញ ដែលរងការខូចខាតដោយសារអាយុកាល កត្តាអាកាសធាតុ និងការបំផ្លាញដោយរុក្ខជាតិផ្សេងៗ។

លោកស្រី ភិន វិជ្ជាសច្ចរ៉ា អ្នកបុរាណវិទូដែលមើលខុសត្រូវការដ្ឋានជួសជុលនោះ ឱ្យដឹងថា ច្រកចូលខាងកើតនៃប្រាសាទអង្គរវត្ត ថ្វីបើ មានការខូចខាតតិចតួចដោយផ្នែកខ្លះៗដូចជា ច្រកឡើងនៃកាំជណ្ដើរ ជ្រុះដំបូល ព្រហ្មដំបូល និងហោជាងជាដើម ប៉ុន្តែអ្នកជំនាញ ត្រូវការថែទាំ និងជួសជុលជាចាំបាច់ ដើម្បីជៀសវាងការឈានទៅដល់ការខូចខាតធ្ងន់ធ្ងរ។ កិច្ចការដំបូង គឺក្រុមការងារបាន សិក្សាទៅលើសម្រង់ប្លង់ រុករកថ្ម ដែលបានធ្លាក់ចុះរប៉ាត់រប៉ាយហើយកំណត់រូបរាងរបស់វាឡើងវិញ មុននឹងសម្អាតថ្មទាំងនោះឱ្យស្អាត ហើយយកវាទៅផ្គុំនៅកន្លែងដើមឡើងវិញ។

សូមបញ្ជាក់ថា ការជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ចាប់ផ្ដើមពីថ្ងៃទី១៨ ខែតុលាឆ្នាំ២០២១ តទៅ៕