វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន១៦,៥៥៥ករណីបន្ថែមទៀត និងស្លាប់២១០នាក់

ហាណូយ ៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃពុធម្សិលមិញ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន១៦,៥៥៥ ករណីបន្ថែមទៀត និងអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន២១០នាក់ទៀតផងដែរ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News។

បើតាមក្រសួងសុខាភិបាលវៀតណាមបញ្ជាក់ថា ករណីឆ្លងខាងលើជាករណីឆ្លងក្នុងស្រុកទាំងអស់។ រដ្ឋធានីហាណូយដែលបច្ចុប្បន្នកំពុងប្រែក្លាយជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ មានករណីឆ្លងថ្មីចំនួន១,៦៤៦ករណី ខណៈហូជីមិញបានរាយការណ៍ ចំនួន៩៧៩ករណីដោយមានការធ្លាក់ចុះច្រើន។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Cà Mau ចំនួន១,១៩៣ករណី, ខេត្ត Tây Ninh ចំនួន៩២៣ករណី និងខេត្ត Vĩnh Long ចំនួន៨៤៦ករណី។

សូមជម្រាបថា គិតត្រឹមយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១នេះវៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១,៥៨៨,៣៣៥នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១,១៧៣,៤៨៤នាក់ ចំណែកអ្នកស្លាប់សរុបចំនួន ៣០,២៥១នាក់៕