អភិបាលខេត្តកែបអំពាវ​នាវដល់បណ្តាមន្ទីរ អង្គភាព​ អង្គការ ​ដៃគូអភិវឌ្ឍន៍​ឲ្យបន្ដចូលរួមគាំទ្រ​គម្រោង​សកម្មភាព​ដែល​​លើកឡើងដោយរដ្ឋបាលក្រុង និងសង្កាត់

ខេត្តកែប ៖ ឯកឧត្តម​ សោម​ ពិសិដ្ឋ​ អភិបាល​ នៃគណៈអភិបាលខេត្តកែប​ បានអំពាវ​នាវដល់បណ្តាមន្ទីរ អង្គភាព​ជុំវិញខេត្ត អង្គការ ​ដៃគូរអភិវឌ្ឍន៍​ទាំងអស់ សូមបន្ដចូលរួមគាំទ្រ​គម្រោង​សកម្មភាព​ ដែល​បាន​លើកឡើងដោយរដ្ឋបាលក្រុង និងសង្កាត់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន​ ឱ្យបានច្រើន​។

ការអំពាវ​នាវរបស់ឯកឧត្តមអភិបាលខេត្តបែបនេះធ្វើឡើងនៅរសៀលថ្ងៃទី២២​ ខែធ្នូ​ ឆ្នាំ២០២១​ ក្នុងឱកាសអញ្ជើញជាអធិបតី​ ក្នុងសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ​(២០២២-២០២៤)​ ក្រុង និងសង្កាត់​ នៅក្រុងកែប​។

សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល​(២០២២-២០២៤)​ ក្រុង និងសង្កាត់​ នៅថ្នាក់ក្រុង រៀបចំក្នុងគោល​បំណង​ស្វែង​រក​ការ​គាំទ្រពី​​មន្ទីរ អង្គភាព ដៃគូរអភិវឌ្ឍន៍ ពាណិជ្ជករ និង​សប្បុរស​ជននានាទាំងក្នុងខេត្ត និង​ក្រៅខេត្ត ដើម្បីបន្ដជម្រុញកិច្ច​ដំណើរ​ការគាំទ្រ​ អភិវឌ្ឍន៍​មូលដ្ឋាន​​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ ដើម្បីឲ្យការអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព ពិសេសគឺបាន​ទទួល​នូវ​កំណើន​សេដ្ឋកិច្ចខ្ពស់ និង​កាត់​បន្ថយ​ភាពក្រីក្រជូនប្រជាពលរដ្ឋ​៕ ដោយ ៖ ទ្រី ហៀន