វៀតណាមនឹង​ជួប​សីតុណ្ហភាព​ចុះ​ត្រជាក់​បំផុត ​ក្នុងអំឡុងថ្ងៃ​បុណ្យ​ណូអែល​ ជាមួយ​សីតុណ្ហភាព​ធ្លាក់ចុះ​ដល់​ក្រោម​សូន្យ

វៀតណាម ៖ អាកាសធាតុ​ចុះ​ត្រជាក់​ខ្លាំង​បំផុត​ត្រូវបាន​ព្យាករណ៍​ថា​នឹង​កើត​មាននៅ​ភាគ​ខាងជើង​នៃ​ប្រទេស​វៀតណាម​ក្នុងអំឡុងពេល​បុណ្យ​ណូអែល ជាមួយនឹង​សីតុណ្ហភាព​ធ្លាក់ចុះ​ដល់​ក្រោម​សូន្យ​អង្សា​សេ​នៅលើ​ភ្នំ​ខ្ពស់​។​

​យោងតាម​លោក Le Thi Loan មន្ត្រី​មកពី​មជ្ឈមណ្ឌល​ជាតិ​សម្រាប់​ការព្យាករណ៍​ឧតុនិយម​បាន​ឲ្យ​ដឹងថា ខ្យល់​ត្រជាក់​ខ្លាំង​នឹង​ចាប់ផ្តើម​ប៉ះពាល់​ដល់​ស្ថានភាព​អាកាសធាតុ​នៅក្នុង​ខេត្ត​ភាគ​ខាងជើង​នៅ​ថ្ងៃទី ២៥ ខែធ្នូ ។​

​ចាប់ពី​ថ្ងៃទី ២៦ ដល់​ថ្ងៃទី ២៨ ខែធ្នូ បណ្តា​តំបន់​នៅ​ភាគ​ខាងជើង និង​ខាងជើង​ភាគ​កណ្តាល​ប្រទេស​វៀតណាម​នឹង​កត់ត្រា​សីតុណ្ហភាព​ទាប​ជា​មធ្យម​ពី ១០ ទៅ ១៤ អង្សា​សេ ។​ទន្ទឹម​នោះ ទែ​ម៉ូ​ម៉ែត្រ​វាស់​សីតុណ្ហភាព​នឹង​ធ្លាក់​ចុះមក​នៅ​ចន្លោះ​ពី ៤ ទៅ ៧ អង្សា​សេ​នៅ​តំបន់ភ្នំ និង​ក្រោម​សូន្យ​អង្សារ​នៅលើ​ភ្នំ​ខ្ពស់​ដែល​អាច​នឹង​បង្ក​ជា​ទឹកកក​។

​លោក Loan បាន​បន្ថែមទៀតថា ការចុះ​ត្រជាក់​នេះ​ក៏​នឹង​បណ្តាលឱ្យមាន​ខ្យល់​បក់​ខ្លាំង​នៅ​ភាគ​ខាងជើង​និង​សមុទ្រ​វៀតណាម​ខាងកើត​និង​តាម​តំបន់​សមុទ្រ​នៃ​ខេត្ត​ភាគ​កណ្តាល​ចាប់ពី​ថ្ងៃទី ២៥ ខែធ្នូ​។ អាកាសធាតុ​ស្រដៀង​គ្នា​នេះ​អាច​កើត​ឡើងវិញ​នៅក្នុង​តំបន់​ទាំងនេះ​ចាប់ពី​ថ្ងៃទី ២៧ ដល់​ថ្ងៃទី ៣១ ខែធ្នូ​៕