ក្រុមហ៊ុន អេសខេ នៅស្រុកកូនមុំកំពុងបន្តសម្រុកឈូសឆាយព្រៃចាស់យកដី

ខេត្តរតនគិរី ៖ សេចក្តីរាយការណ៍ពីពលរដ្ឋបានឲ្យដឹងថា ព្រៃចាស់នៅសេសសល់បន្តិចបន្តួច ស្ថិតក្នុងភូមិ៣ ឃុំត្រពាំងក្រហម ត្រូវបានក្រុមហ៊ុន អេសខេ កំពុងឈូសឆាយទន្ទ្រានធ្វើឲ្យប៉ះពាល់ដល់ដីចំការរបស់ប្រជាពលរដ្ឋ ព្រមទាំងបាត់បង់ផ្លូវចាស់តាំងពីដូនតា ធ្វើឲ្យពួកគាត់ពិបាកក្នុងការធ្វើដំណើរ បន្ទាប់ពីក្រុមហ៊ុន អេសខេ មកបោះទីតាំងនៅទីនេះ កាន់តែឈូសឆាយដីព្រៃស្រោង (ព្រៃចាស់) បំផ្លាញគ្មានសល់។

ក្រុមហ៊ុន អេសខេ ជាក្រុមហ៊ុនឥណ្ឌា វិនិយោគដីសម្បទានសេដ្ឋកិច្ច ដាំដំណាំចន្ទីរ អស់រយៈពេលជាង១០ឆ្នាំមកហើយ ក៏ប៉ុន្តែការដាំដំណាំកសិកម្មរបស់ក្រុមហ៊ុននេះ គេឃើញទើបមានដាំដំណាំចន្ទីរបានបន្តិចបន្តួចប៉ណ្ណោះ។ តែផ្ទុយទៅវិញ បែរជាប្រជាពលរដ្ឋ ដែលមានដីចំការនៅក្បែរក្រុមហ៊ុននេះ បែរជារងទុក្ខវេទនាទៅវិញ។

សេចក្តីរាយការណ៍បានបន្តថា ប្រជាពលរដ្ឋ ដែលមានចំការនៅក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី បានត្អូញត្អែថា ពួកគាត់មិនដឹងថា ក្រុមហ៊ុននេះគេមានដីត្រឹមណានោះទេ ពីព្រោះកាលមុន មានក្រុមគណៈកម្មការ និងក្រុមហ៊ុននាំគ្នាមកពិនិត្យព្រំ ហើយបោះបង្គោល។ តែឥឡូវនេះ បង្គោលទាំងនោះត្រូវបាត់ភស្ដុតាងអស់ហើយ។ ត្រូវគេឈូសព្រៃហួសបង្គោលរាប់គីឡូដីបំបាត់ភស្តុតាងអស់។ បើទោះជាមានចំការចន្ទីរពួកគាត់ ក៏គេឈូសបំផ្លាញយកដីដែរ ហើយសព្វថ្ងៃគេកំពុងដាក់គ្រឿងចក្រឈូសឆាយបន្ត និងដើរវ៉ៃស្លាកសញ្ញាពេញព្រៃទាំងអស់ ចំណែកផ្លូវចូលភូមិ ត្រូវគេឈូសលុប និងដាក់កុងត្រូលផងដែរ។ ពួកគាត់បន្តថា ធ្លាប់តែឃើញក្រុមហ៊ុនវិនិយោគគេផ្សេងៗ ធ្វើផ្លូវឲ្យប្រជាពលរដ្ឋដើរ តែក្រុមហ៊ុននេះ បែរជាបំបាត់ផ្លូវប្រជាពលរដ្ឋទៅវិញ។

ជុំវិញករណីខាងលើនេះ លោក សយ សូណា ប្រធានមន្ទីរកសិកម្មខេត្តរតនគិរី មិនទាន់សុំបានការបំភ្លឺណាមួយនៅឡើយទេ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ នេះ ដោយទូរស័ព្ទចូលមិនមានអ្នកលើក។

បើទោះជាយ៉ាងណា ដីព្រៃជាច្រើនដូចជានៅ ភ្នំត្រពាំងកំភេម  ភ្នំពេទ្យសត្វត្រពាំងកានុម និងចំណុចអូរកាជាន់ហៅកំពង់តាម៉េង ខាងកើតត្រពាំងព្រៃជាដើម ក្នុងស្រុកកូនមុំ នៅសល់បន្តិចបន្តួចតែប៉ុណ្ណោះ តាំងពីលោក សេក ហៃ ឡើងកាន់តំណែងជាអភិបាលស្រុកកូនមុំមក៕ ដោយ ៖ ភួង ផុន