រដ្ឋបាលក្រុងស្វាយរៀងបើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពីការគ្រប់គ្រងរដ្ឋបាលក្រុង

ខេត្តស្វាយរៀង ៖ នៅថ្ងៃព្រហស្បតិ៍  ៤រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ លោក ណុប ចំរើន អភិបាល នៃគណៈអភិបាលក្រុងស្វាយរៀងបានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពីការគ្រប់គ្រងរដ្ឋបាលក្រុងដល់លោក លោកស្រីប្រធាន អនុប្រធាន ការិយាល័យ អង្គភាពទាំង១៣ចំណុះសាលាក្រុង និងស្មៀនសង្កាត់ទាំង៧ក្នុងក្រុង។

ថ្លែងក្នុងឱកាសនោះដែរ លោកអភិបាលក្រុងបានមានប្រសាសន៍កោតសរសើរដល់មន្រ្តីរាជការសាលាក្រុងស្វាយរៀង ដែលកន្លងតែងតែខិតខំបំពេញតាមតួនាទីភារកិច្ចរបស់ខ្លួនប្របកដោយស្មារតីទទួលខុសត្រូវខ្ពស់ និងមានគំនិតច្នៃប្រឌិតស្របតាមការណែនាំ និងស្ថានភាពជាក់ស្តែង ជំរុញឱ្យការងារមានការរីកចម្រើន។

លោកបន្តទៀតថា ចំពោះអង្គភាពផ្តល់សេវាត្រូវបន្តខិតខំធ្វើយ៉ាងផ្តល់សេវាជូនប្រជាពលរដ្ឋដោយតម្លាភាព និងឆាប់រហ័ស និងបង្កភាពងាយស្រួលដល់អ្នកទទួលសេវា។ លោកអភិបាលក្រុងស្វាយរៀង បានផ្តាំផ្តើដល់សិក្ខាកាមដែលមានវត្តមានក្នុងវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពីការគ្រប់គ្រងរដ្ឋបាលក្រុង សូមយកចិត្តទុកដាក់សិក្សា និងចូលរួមជាមួយគ្រូឧទេ្ទសនូវចំណេះដឹងរដ្ឋបាល និងបទពិសោធការងារ ដើម្បីឱ្យសិក្ខាកាមទាំងអស់ទទួលបានពុទ្ធិសម្រាប់យកទៅអនុវត្តតាមតួនាទីភារកិច្ចធានាបម្រើសេវាជូនប្រជាពលរដ្ឋបានល្អប្រសើរ៕ ដោយ ៖ ភក្តី