រដ្ឋមន្ដ្រីពាណិជ្ជកម្ម ៖ ១១ខែឆ្នាំនេះ ការនាំចេញរបស់កម្ពុជាមានតម្លៃជាង១.៥ម៉ឺនលានដុល្លារ 

ភ្នំពេញ ៖ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ បានគូសបញ្ជាក់ថា ទោះបីជាមានការរំខានពីការរីករាលដាល នៃជំងឺកូវីដ-១៩ ក្តី ក៏កម្ពុជានៅតែនាំចេញបានក្នុងអត្រាមួយគួរឲ្យកត់សម្គាល់ ដោយ ១១ខែឆ្នាំនេះការនាំចេញមានតម្លៃនាំចេញជាង ១.៥ម៉ឺនលានដុល្លារ។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល ឯកឧត្តម ប៉ាន សូរស័ក្ដិ អញ្ជើញជាអធិបតីភាព បើកសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២១ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២២ រយៈពេលមួយថ្ងៃពេញ នៅទីស្ដីការក្រសួង នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ។

ឯឧត្តម ប៉ាន សូរស័ក្ដិ បានគូសបញ្ជាក់ដូច្នេះថា ទោះបីជាមានការរំខានពីការរីករាលដាលនៃជំងឺកូវីដ-១៩ ក្តី កម្ពុជានៅតែបន្តរក្សាកំណើនក្នុងអត្រាមួយគួរឱ្យកត់សម្គាល់ ក្នុងនោះ តម្លៃនៃការនាំចេញក្នុងឆ្នាំ២០២០ មានប្រមាណ១៧ ២១៥ លានដុល្លារអាមេរិក ពោលគឺកើនឡើង ១៦,៧% បើប្រៀបធៀបនឹងតម្លៃនាំចេញក្នុងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៩។

ឯកឧត្តមបន្តថា ថ្វីត្បិតតែតម្លៃនាំចេញក្នុងរយៈពេល ១១ខែ នៃឆ្នាំ២០២១ មានចំនួន ១៥ ៧២៩ លានដុល្លារអាមេរិក ដែលមានការធ្លាក់ចុះចំនួន ០.១២% ធៀបនឹងតម្លៃនាំចេញសម្រាប់រយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ក៏ដោយ តែប៉ុន្តែបើតាមការព្យាករណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំណើនសេដ្ឋកិច្ចនៅក្នុងឆ្នាំ២០២១ នេះ នឹងមានប្រមាណ ២,៤%៕(ប្រភព ៖ ក្រសួងពាណិជ្ជកម្ម)