​គ្រោះទឹកជំនន់​នៅ​ម៉ាឡេស៊ី សម្លាប់មនុស្ស​កើន​ដល់​៣៣​នាក់​

ម៉ាឡេស៊ី ៖ អាជ្ញាធរ​បាន​និយាយថា ​ចំនួន​អ្នកស្លាប់​ដោយសារ​គ្រោះទឹកជំនន់​ដ៏​ធំ​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​បាន​កើន​ឡើងដល់ ៣៣ នាក់​ហើយគិត​ត្រឹម​ថ្ងៃ​ពុធ​ម្សិលមិញ​។​

​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ Bernama បានឱ្យដឹងថា រដ្ឋ Selangor មាន​អ្នកស្លាប់​ចំនួន​២៤​នាក់ ខណៈដែល​មនុស្ស ៩ នាក់​ផ្សេងទៀត​ត្រូវបាន​បញ្ជាក់ថា​បាន​ស្លាប់​នៅក្នុង​រដ្ឋ Pahang ។ សាកសព​មួយចំនួន​ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ផ្ទះ ខណៈ​ខ្លះទៀត​ត្រូវបាន​គេ​រកឃើញ​ពេល​ទឹក​ស្រក​ចុះ​។​

​ចំនួន​អ្នក​ជម្លៀស​ខ្លួន​ដោយសារ​ទឹកជំនន់​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​បាន​ធ្លាក់​ចុះមក​នៅ​ប្រហែល​៦២,៣៧២​នាក់​នៅក្នុង​រដ្ឋ​ចំនួន​៦​បូករួម​ទាំង​ដែនដី​សហព័ន្ធ​នៃ​ទីក្រុង​គូ​ឡា​ឡាំ​ពួ គិត​ត្រឹម​ម៉ោង ១០:០០​យប់មិញ​។ នេះ​បើតាម​ទិន្នន័យ​ពី​នាយកដ្ឋាន​សុខុមាលភាព​សង្គម​ម៉ាឡេស៊ី ។​

​រដ្ឋ​ដែល​រងគ្រោះ​ខ្លាំងជាងគេ​នៅតែ​ជា​រដ្ឋ Pahang នៅតាម​បណ្តោយ​ឆ្នេរ​ភាគ​ខាងកើត​ប្រទេស​ម៉ាឡេស៊ី ដោយ​មនុស្ស​ជាង ៣៧.០០០ នាក់​ត្រូវបាន​ជម្លៀស​ទៅកាន់​មជ្ឈមណ្ឌល​សង្គ្រោះ បន្ទាប់មក​គឺ​រដ្ឋ Selangor ដែលមាន​ជាង ២២.០០០ នាក់​ត្រូវបាន​ជម្លៀសចេញ​។​

​នាយកដ្ឋាន​ឧតុនិយម​របស់​ប្រទេស​នេះ​បាន​ព្រមាន​ពី​ភ្លៀង​ធ្លាក់​បន្ថែមទៀត​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី លាយឡំ​និង​ព្យុះ​ដែល​រំពឹងទុក​ថា​នឹង​កើតឡើង​នៅក្នុង​រដ្ឋ​មួយចំនួន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​៕