ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រកាសបើកការប្រកួតវាយកូនគោល «ពានរង្វាន់សម្តេចតេជោលើកទី៥»

ភ្នំពេញ ៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីប្រកាសបើកការប្រកួតកីឡាវាយកូនគោល «ពានរង្វាន់សម្តេចតេជោនាយករដ្ឋមន្ត្រីលើកទី៥» ដែលប្រារព្ធធ្វើឡើងនៅទីលានវាយកូនគោលវឌ្ឍនៈ ហ្គោលរីសត ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល។

ការប្រកួតកីឡាវាយកូនគោលនៅថ្ងៃនេះ សហការរៀបចំឡើងរវាងក្រសួងទេសចរណ៍ អគ្គស្នងការដ្ឋាននគរបាលជាតិ សហព័ន្ធកីឡាវាយកូនគោលកម្ពុជា និងទីលានវាយកូនគោលវឌ្ឍនៈហ្គោលរីសត។ ការប្រកួតនេះធ្វើឡើងដើម្បីអបអរសាទរខួបវិមានអនុស្សាវរីយ៍នយោបាយ ឈ្នះ-ឈ្នះ និងខួបលើកទី២៣ឆ្នាំ (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២១) នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ស្ថាបនិកឯក។

យោងតាមប្រព័ត៌មានបានឱ្យដឹងថា ការប្រកួតនេះនឹងមានការអញ្ជើញចូលរួមពីកីឡាករជាតិ-អន្តរជាតិ ដោយចែកចេញជា២ក្រុម គឺការប្រកួតជាក្រុមមានអ្នកចូលរួម ៨០នាក់ និងការប្រកួតជាឯកត្តជនមានអ្នកចូលរួម ២៧នាក់ មាន ៨នាក់ជាក្រុមជម្រើសជាតិ។

ការប្រកួតនេះធ្វើឡើងរយៈពេលមួយព្រឹកពេញ ហើយនៅពេលរសៀលសម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញប្រគល់ពានរង្វាន់ជូនកីឡាករ កីឡាការិនី ដែលចូលរួមប្រកួត ហើយមានការពិសារភោជនាហាររួមគ្នា ដើម្បីពង្រឹងនូវសាមគ្គីភាពផងដែរ៕