វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន១៦,១៥៧ករណីបន្ថែមទៀត និងស្លាប់២៣៥នាក់

ហាណូយ ៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃសុក្រម្សិលមិញ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន១៦,១៥៧ ករណីបន្ថែមទៀត និងអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហវនេះ ចំនួន២៣៥នាក់ទៀតផងដែរ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News។

បើតាមក្រសួងសុខាភិបាលវៀតណាមបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងខាងលើមាន១៥ករណីជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់។ រដ្ឋធានីហាណូយដែលបច្ចុប្បន្នកំពុងប្រែក្លាយជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ មានករណីឆ្លងថ្មីចំនួន១,៨៣៤ករណី ខណៈហូជីមិញបានរាយការណ៍ ចំនួន៦៧៩ករណីដោយមានការធ្លាក់ចុះច្រើន។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Cà Mau ចំនួន១,៣៣៤ករណី, ខេត្ត Tây Ninh ចំនួន៩៤៨ករណី និងខេត្ត Vĩnh Long ចំនួន៨៦៨ករណី។

សូមជម្រាបថា គិតត្រឹមយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១នេះវៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១,៦២០,៨៦៩នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១,២១៥,២៦១នាក់ ចំណែកអ្នកស្លាប់សរុបចំនួន ៣០,៧៦៦នាក់៕