១០ខែ ឆ្នាំ២០២១ កម្ពុជារកចំណូលបានជាង៥១៤លានដុល្លារ ពីការនាំចេញកង់ កើន២១% 

ភ្នំពេញ ៖ យោងតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្មឲ្យដឹងថា ក្នុងរយៈពេល១០ខែ ពោលចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២១ ការនាំចេញកង់ជួយឲ្យកម្ពុជា រកចំណូលបានជាង៥១៤លានដុល្លារ កើន២១% បើប្រៀបធៀបនឹងឆ្នាំ២០២០ ប្រមាណ៤២៦លានដុល្លារ។

ទីផ្សារគោលដៅដែលកម្ពុជា នាំចេញកង់រួមមាន ៖ សហរដ្ឋអាមេរិក, អាល្លឺម៉ង់, ចក្រភពអង់គ្លេស, ជប៉ុន, ចិន, អាស៊ាន, ប៊ែលហ្ស៊ិក, ហូឡង់, អូទ្រីស, ស៊ុយអែត, ដាណឺម៉ាក, អូស្ត្រាលី, សាធារណរដ្ឋឆែក, អ៉ីតាលី, កូឡុំប៊ី, សាធារណរដ្ឋកូរ៉េ, អេស្ប៉ាញ, ស្លូវេនី និងកាណាដា -ល-។

បច្ចុប្បន្នកម្ពុជា មានរោងចក្រ សម្រាប់ដំឡើងកង់ចំនួន៥ ដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសមួយចំនួន ក្នុងខេត្តស្វាយរៀង រួមមាន ៖ ទី១៖ A AND J (CAMBODIA) CO.,LTD. ទី២៖ SPEEDTECH INDUSTRIAL CO., LTD. ទី៣៖ SMART TECH (CAMBODIA) CO.,LTD. ទី៤៖ XDS BICYCLE (CAMBODIA) CO.,LTD និងទី៥៖ EVERGRAND BICYCLE (CAMBODIA) CO., LTD។

សូមជម្រាបថា ឆ្នាំ២០២០ កម្ពុជាទទួលបានប្រាក់ចំណូល ពីការនាំចេញកង់ សរុបចំនួន ៥២៧,០៨២,២២៨ ដុល្លារអាមេរិក កើនឡើង២៧.៧៨ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៩៕