
ថ្ងៃនេះ ថៃមានអ្នកឆ្លងកូវីដ១៩ចំនួន២,៧៦៦ករណីបន្ថែមទៀត និងស្លាប់៣០នាក់
បាងកក ៖ ក្រសួងសុខាភិបាលថៃ នៅព្រឹកថ្ងៃសៅរ៍នេះបានប្រកាសបន្តរកឃើញករណីឆ្លងកូវីដ១៩ថ្មីចំនួន ២,៧៦៦ករណីបន្ថែមទៀត និងអ្នកស្លាប់ចំនួន៣០នាក់ទៀតផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។
បើតាមក្រសួងសុខាភិបាលថៃបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងខាងលើគឺមាន២,៧០៣ករណីជាប្រជាជនទូទៅ និង ៥៧ករណីទៀតជាអ្នកទោសនៅក្នុងពន្ធនាគារ។ ដោយឡែកកាលពីថ្ងៃសុក្រម្សិលមិញអ្នកជំងឺកូវីដ១៩ចំនួន៣,៨០៥នាក់ត្រូវបានចាកចេញពីមន្ទីរពេទ្យបន្ទាប់ពីបានជាសះស្បើយពីវីរុសនេះ។
សូមជម្រាបថា ចាប់តាំងពីជំងឺរាតត្បាតបានផ្ទុះឡើងនៅដើមឆ្នាំមុន ថៃមានករណីឆ្លងកូវីដ១៩ចំនួន ២,២០៧,៤៣៨ករណី ដោយក្នុងនោះជាសះស្បើយចំនួន ២,១៤៨,៧៥៧នាក់។ ចំណែកចំនួនអ្នកស្លាប់មាន២១,៤៦៤នាក់ក្នុងអំឡុងពេលរលកទីបី និង ២១,៥៥៨នាក់ ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតនេះ៕