អាជ្ញាធរក្រុងបាវិតប្រើធម៌ក្តៅចុះរុះរើសំណង់ និងកាយបេតុងដែលសាងសង់រំលោភលើចំណីផ្លូវសាធារណៈរបស់រដ្ឋ

ខេត្តស្វាយរៀង ៖ លោក វណ្ណ សុមុន្នី អភិបាលក្រុងបាវិតស្តីទី នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារចម្រុះចុះផ្អាកការសាងសង់សំណង់ និងការចាក់បេតុងខ្ពស់ជាងផ្លូវ នៅលើដីចំណីផ្លូវសាធារណៈរបស់រដ្ឋ ផ្លូវ៣១៩សេ ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

បើតាមលោក វណ្ណ សុមុន្នី អភិបាលស្តីទីបានមានប្រាប់ក្រុមអ្នកសារព័ត៌មានយើងដឹងថា ម្ចាស់សំណង់ដែលសាងសង់រំលោភនៅលើដីផ្លូវសាធារណៈរបស់រដ្ឋ ផ្លូវ៣១៩សេនោះ មានឈ្មោះ ហ៊ុន ណង ហៅកឹង ដោយរដ្ឋបាលក្រុងបាវិតបានចុះផ្អាកការសាងសង់ចំនួន២លើករួចមកហើយ និងចុះធ្វើការណែនាំផ្ទាល់មាត់ជាមួយម្ចាស់សំណង់ចំនួន៥លើក ប៉ុន្តែម្ចាស់មិនចូលរួមអនុវត្តតាមការណែនាំរបស់រដ្ឋបាលក្រុងបាវិតនោះទេ។

លោកអភិបាលស្តីទីបានបន្តទៀតថា ចំពោះម្ចាស់សាងសង់សំណង់ខាងលើគឺអត់មានសុំច្បាប់អនុញ្ញាត ហើយរំលោភលើចំណីផ្លូវសាធារណៈ បើទោះបីអាជ្ញាធរចុះណែនាំជាច្រើនលើកច្រើនសាយ៉ាងណាក៏ដោយម្ចាស់សំណង់ខាងលើនៅតែលួចបន្តសាងសង់សំណង់ និងចាក់បេតុងដដែលមិនព្រមស្តាប់អាជ្ញាធរអ្វីឡើយ ទើបក្រុមការងាររដ្ឋបាលក្រុង ដឹកនាំដោយ លោក វណ្ណ សុមុន្នី ប្រើធម៌ក្តៅចុះធ្វើការរុះរើ សំណង់ និងកាយបេតុង ដែលសាងសង់រំលោភនៅលើដីផ្លូវសាធារណៈរបស់រដ្ឋ ផ្លូវ៣១៩សេ ចេញ ហើយម្ចាស់ចូលរួមដែរ ប៉ុន្តែមិនមានការតវ៉ាអ្វីទាំងអស់។

ជាមួយគ្នានេះ លោក វណ្ណ សុមុន្នី អភិបាលស្តីទីក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលម្ចាស់សំណង់ទាំងអស់មុនសងសំណង់អ្វីមួយត្រូវសុំច្បាប់អនុញ្ញាតពីអាជ្ញាធរដែនដី និងមន្ត្រីជំនាញជាមុនសិនជៀសវាងដូចករណីនេះនាំឲ្យខាតបង់ និងអាចមានទោសទាន់ផងដែរ៕ ដោយ ៖ ភក្តី