សម្តេចតេជោ ហ៊ុន សែន សម្រេចអនុញ្ញាតឲ្យសិស្សដែលឆ្លងជំងឺកូវីដ១៩ អាចប្រឡងបាក់ឌុបបាន តែត្រូវប្រឡងដាច់ដោយឡែក ក្នុងមន្ទីរព្យាបាល

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១នេះ បានសម្រេចអនុញ្ញាតឲ្យសិស្សដែលមានជំងឺកូវីដ១៩ ហើយត្រូវប្រឡងបាក់ឌុបនៅថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ អាចប្រឡងបាន ប៉ុន្តែត្រូវប្រឡងដាច់ដោយឡែក ក្នុងមន្ទីរព្យាបាលតែម្តង។ ការថ្លែងរបស់ស ម្តេចតេជោធ្វើឡើង ក្នុងឱកាសដែលសម្តេចអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ Pfizer ចំនួនជាង ២.៣៥លាន ដូស ដែលជាជំនួយរបស់ប្រទេសអូស្ត្រាលី។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ថ្ងៃនេះខ្ញុំក៏បានដោះស្រាយករណី ដែលមុននេះអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា សិស្សដែលកើតកូវីដ គឺមិនអនុញ្ញាតឲ្យមានការចូលប្រឡង ខ្ញុំបានស្នើឲ្យមានការកែតម្រូវ ហើយអនុញ្ញាតឲ្យមានការចូលប្រឡង ក៏ប៉ុន្តែខ្ញុំក៏សុំស្នើកុំវិទ្យាល័យបាក់ទូកដែលមុននេះ គ្រូនៅវិទ្យាល័យបាក់ទូកមានការស្លន់ស្លោ យើងមិនយកសិស្សទាំង២រូបនេះ ដែលបានចេញទៅប្រកួតកីឡា ដោយមានការចាត់តាំងត្រឹមត្រូវពីក្រសួងអប់រំ យុវជន និងកីឡា ទៅធ្វើការប្រឡងនៅវិទ្យាល័យបាក់ទូកទេ ប៉ុន្តែយើងនឹងរៀបចំចាត់ចែងឲ្យមានការប្រឡងនៅមន្ទីរពេទ្យតែម្តង»។

សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ត្រូវរៀបចំឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១។ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២១ មានមណ្ឌលប្រឡងសរុប ២០៤មណ្ឌល ត្រូវជា៤៦១៦បន្ទប់ បេក្ខជនចុះឈ្មោះប្រឡងសរុប ១១៤១៨៣ ស្រី៦០៣៩៧នាក់ គណៈមេប្រយោគ និងគណៈកម្មការនានាចូលរួមក្នុងដំណើរការប្រឡងមានចំនួន ៣១៤៣២នាក់៕